Saturday, December 19, 2009

> វាសនាបុប្ផាបីទង(វគ្គទី៣ វគ្គបញ្ចប់)

“សូមទោសណា៎ចំប៉ាដែលបងសួរសំនួរទៅរកប្អូន... រឿងរ៉ាវរបស់បងក៏មិនខុសពីប្អូនប៉ុន្មានដែរ ឈប់យំទៅណា...!” ចំប៉ាខ្សឹកខ្សួលទឹកភ្នែ​ក​ជោកជាំផែនថ្ពល់ព័ណ៌ស៊ីជម្ពូ។


“អរគុណបងស្រីខ្លាំងណាស់ដែលបងរំលឹកសំនួរនេះ...ព្រោះប្អូនបានបំភ្លេចវាមកយូរហើយ ភ្លេចទាំងមាតាដ៏កំសត់ម្នាក់នោះមកដល់ពេលនេះប្រហែលជាលោកមិនមានជីវិតនៅលើផែនដីនេះផងដ៏មិនដឹង... កំហុសទាំងនេះខ្ញុំមិនអាចបន្ទោសនរណាម្នាក់បានទេ វាកើតចេញពីរូបខ្ញុំជាមូលបញ្ហា​ហើយខ្ញុំនេះឯងជាអ្នកបំរើសកម្មភាពនេះទៀតផង...”

“... កាលនោះខ្ញុំដឹងតែម្យ៉ាងប៉ុណ្ណោះគឺដល់ខែឳពុកម្តាយផ្ញើលុយមកអោយ។ ការចាយ​វាយខ្ជះខ្ជាយរបស់ខ្ញុំធ្វើអោយខ្ញុំធ្លាក់ជាកញ្ជះរបស់ប្រាក់... ខ្ញុំមានពួកម៉ាកមិត្តភក្តិប្រុសស្រី​ជាច្រើន ពួកគេមើលទៅស្រឡាញ់រាប់អានខ្ញុំណាស់ ...ក្រោយមកខ្ញុំដឹងថាពួកគេ​មិនបាន​ស្រឡាញ់រូបខ្ញុំដោយស្មោះទេ គេស្រឡាញ់លុយរបស់ខ្ញុំច្រើនជាង មិនបាន​ប៉ុន្មានខ្ញុំ​មានប្រុសស្នេហ៍ ពួកយើងស្រឡាញ់គ្នាហើយតែងតែធ្វើ​សកម្មភាព​ផ្សេងៗដោយ​គ្មានកោត​ក្រែងភ្នែកអ្នកដ៏ទៃសូម្បីតែបន្តិច។ រាល់ពេលចេញពីមហាវិទ្យាល័យគេតែងនាំខ្ញុំទៅផឹកស៊ី ហើយចូលរាំបា... រៀងរាល់រាត្រីដែលខ្ញុំចេញពីអន្តេវាសិកដ្ឋាន ខ្ញុំតែងតែទៅដល់ភពមួយ​ផ្សេងទៀតដែលប្រុសស្នេហ៍របស់ខ្ញុំជាអ្នកផ្តល់អោយ... ខ្ញុំក្លាយជាខ្ញុំទាសករ​ស្នេហាដែល​គ្មានព្រំដែននោះពេញទំហឹង ...ខាងសាលាដេញខ្ញុំចេញមិនអោយស្នាក់នៅក្នុងអន្តេវាសិក... ការសិក្សាត្រូវស្រុតចុះជាលំដាប់ ប្រលងធ្លាក់ស្ទើរគ្រប់មុខវិជ្ជា... រាល់ថ្ងៃសៅរ៍អាទិត្យ សង្សាររបស់ខ្ញុំតែងតែនាំខ្ញុំឆ្លងមកព្រដែនឡាវ–ថៃ(ឧត្តរ, ណងខាយ)ជានិច្ច យូរៗ​ទៅទើបដឹងថាគេជាភ្នាក់ងារលក់ថ្នាំឆ្កូត គ្រឿងញៀនស្រវឹង(យ៉ាបា, យ៉ាម៉ា) អោយយុវជនឡាវដទៃទៀត ខ្ញុំត្រូវសង្សារបង្ខំអោយសេពគ្រឿងញៀនស្រវឹងនេះដែរ តែទីបំផុតសង្សាររបស់ខ្ញុំត្រូវប៉ូលីសបាញ់សំលាប់នៅពេលល្បាតបង្ក្រាបចាប់គ្រឿងញៀន... ក្រោយមកខ្ញុំរស់នៅម្នាក់ឯងរហូតមានដៃគូស្នេហាថ្មី...។ ការសិក្សាត្រូវបានបញ្ចប់ដោយ​មហាវិទ្យល័យបញ្ឈប់ការសិក្សា...។ ជីវិតដ៏សែនអ៊ូអាប់គ្មានទិសដៅរបស់នារីដូច​រូបខ្ញុំបាន​ខ្ចាត់ព្រាត់មកដល់មឿងថៃ... ជួបនឹងបុរសជាតិថៃម្នាក់ គេឈ្មោះកីក, កីកស្រឡាញ់ខ្ញុំណាស់​រហូត​សន្យាថា នាំខ្ញុំមកជួបឪពុកម្តាយគេនៅក្រុងទេព(បាងកក) តែទីបំផុតគេយក​ខ្ញុំមក​ចិញ្ខឹម​លួចលាក់នៅផ្ទះជួលមួយកន្លែងម្តុំសះផានឡយ បតែង...មិនយូរប៉ុន្មានគេយកខ្ញុំ​មកលក់អោយហាងខារ៉ាអូខេ... រាល់រាត្រីក្រោយពេលកំដរភ្ញៀវហើយ ត្រូវភ្ញៀវដឹកទៅគេងជាមួយយ៉ាងវេទនា ហើយមកដល់ពេលនេះខ្ញុំមិនដឹងថាខ្លួនមានផ្ទុកជម្ងឺ ឬអត់នោះទេ ព្រោះជាស្រីរកស៊ីលួចលាក់... យប់ណារកប្រាក់បានកមដល់ផ្ទះ​គេសប្បាយ​ចិត្ត យប់ណារកប្រាក់មិនបានត្រូវគេវាយធ្វើបាប... ខ្ញុំព្យាយាមត្រលប់ទៅស្រុកកំណើត​វិញតែត្រូវកីកតាមទាន់រហូត...ហ៊ឺ...!!!” ចំប៉ាយំរៀបរាប់រឿងរ៉ាវជីវិតដ៏សែនអនិច្ចារព្រមទាំងបង្ហាញស្លាកស្នាមដែលកីកធ្វើបាបទៀតផង។

“អោយបងសូមទោសណា៎ចំប៉ា... ដែលបងជីកឫសគល់អតីតកាលរបស់ប្អូន... ពេលនេះបងមើលទៅឯងក៏គ្មានអ្វីជាប់ខ្លួនទៀតដែរ... ណ្ហើយ! ល្មមបញ្ចប់រឿង​រ៉ាវជីវិត​ដ៏ជាំខ្មៅងងឹត គ្មានចុតហ្មាយរបស់ឯងតែត្រឹមនេះចុះណា៎... ឈប់ស្រណោះស្រណោក​សោក​ស្តាយទៀតទៅ បំភ្លេចវាចោលទៅ” រំដួលលើកហេតុផលផ្សេងៗ មកប្រលោមប្រលែងពន្យល់ជីវិតដ៏ក្តៅគគុករបស់ចំប៉ាអោយរលត់ហើយចាបើផ្តើម
កសាងជីវិតថ្មី។ ចំប៉ាងើបភក្តិមូលពងក្រពើរបស់នាងដោយមាន​សក់បាំងរុយៗ​ផងនោះចេញវាចាមួយៗ៖

“មែនហើយអ្នកបង... ភ្លើងកាមទេពស្នេហ៍ វាបានរលត់ទៅមែនតែវានោះសល់ផេះ​ផង់ធូលីជាប់ពេញបេះបដូង...”

“ដំបៅជាសះស្បើយបាន តែមិនអាចលប់ស្លាកស្មានបានទេ... របួសដួងចិត្តគ្មានថ្នាំព្យាបាលមែន... តែជម្ងឺដែលមានរោគសញ្ញបែបនេះនៅមាន​ពេល​វេលាជាឱសថទិព្វសម្រាប់ព្យាបាលយ៉ាងសំខាន់ផងដែរ... ពីថ្ងៃនេះទៅចំប៉ាត្រូវចាប់ផ្តើមជីវិតថ្មី... បើមិនយល់ទាស់ទេប្អូនស្នាក់នៅជាមួយបងក៏បាន ល្មមរំសាយទុក្ខបានសឹមរកការងារថ្មីធ្វើ” ចំប៉ាក្រោកឡើងចាប់ដៃរំដួលទៅ​អោបហើយពោលដោយសេចក្តីត្រេកអរ៖

“អ្នកបងរំដួល...!!! ប្អូនអរគុណអ្នកបងខ្លាំងណាស់ចំពោះសន្តានចិត្តរបស់អ្នកបង... តែពេលនេះខ្ញុំគ្មានអ្វីជាប់ខ្លួនសូម្បីមួយបាតមួយស្តាង” រំដួលញញឹម៖

“មិនថ្វីទេ! បងនៅមានប្រាក់កាសខ្លះដែរ... បងមិនមែនចិត្តខ្មៅដល់ថ្នាក់ឃើញមនុស្សលង់ទឹកហើយមិនស្រង់នោះទេ... សំរាកអោយត្រជាក់ចិត្តសិនសឹមបងរកការងារអោយធ្វើ”

“អរគុណអ្នកបងខ្លាំងណាស់... ប្អូនមិនបំភ្លេចគុណដ៏ថ្លៃថ្លានេះទេ”

............................



​         ថ្ងៃថ្មីជីវិតថ្មីនៅលើទឹកដីដែលពោពេញទៅដោយការប្រណាំងប្រជែងគ្រប់បែប​យ៉ាងរបស់មនុស្សក្នុងសង្គមដើម្បីជីវភាព និងការប្រកួតប្រជែងដណ្តើមជ័យជំនះ ជាប្រការមួយដែលេធ្វើអោយមនុស្សម្នាមកពីគ្រប់ទិសគ្រប់តំបន់ មិនថាប្រជាជនក្នុងស្រុក ឬប្រជាជនធ្វើចំណាកស្រុកឡើយតែងតែប្រមូលផ្តុំនៅទីកន្លែងដែលមានការរីកចំរើន និងមានការអភិវឌ្ឍន៍... ជាងមួយខែហើយដែលបុប្ផាមឿងលាវ​ម្នាក់នេះមក​រស់នៅជាមួយរំដួល។ ពីមួយថ្ងៃទៅមួយថ្ងៃចំប៉ាស្វែងរកការងារមិនបានសោះ ព្រោះគេជាជនជាតិឡាវអន្តោប្រវេសន្តគ្មានអត្តសញ្ញាណ រោងចក្ររោងង៉ានមិនហ៊ាន​ទទួលធ្វើការ។ ក្រោយមកគេក៏ទៅធ្វើជាអ្នករត់តុនៅហាងអាហារមួយក​ន្លែងក្បែរ​កន្លែងធ្វើការរបស់រំដួល។ ក្រោយពេលចេញពីការងារពួកគេតែងតែបណ្តើរគ្នាមកផ្ទះ។ រំដួលនិងចំប៉ាស្រឡាញ់គ្នាដូចបងប្អូនរួមឧទរអញ្ចឹង សេចក្តីសុខរបស់ក្រមុំចំណូល​ស្រុកទាំងពីរនេះ បានធ្វើអោយជីវិតដ៏សែនអ៊ូអាប់ស្ទើរតែរលត់ទៅហើយនោះ​បែរជាស្រស់បំព្រងឡើងជាលំដាប់។  ពេលវេលាបានព្យាបាលរំបួសដួងចិត្តរបស់ចំប៉ាអោយជាសះស្បើយ បំភ្លេចអស់នូវរឿងរ៉ាវ​អតីត​កាលដ៏ខ្មៅងងឹតរបស់នាងបាន...

“ចំប៉ា ឯងមាននឹកស្រុកកំនើតខ្លះទេ?” រំដួលសួរទៅចំប៉ាដោយសង្កេតឃើញចំប៉ាស្រស់ស្រាយនិងមានប្រាក់សន្សំខ្លះ... ចំប៉ាងាកមកមើលមុខបងស្រីដូចជាងឿងឆ្ងល់បន្តិចក៏តប៖

“នឹក...ចេះតែនឹកហើយបង...តែច្រើនឆ្នាំហើយដែលប្អូនចាកចោលស្រុកកំណើតនោះ មិនដឹងថាពេលនេះឪពុកម្តាយបងប្អូន រស់នៅទីណាទេ” ចំពោះសំនួរនេះធ្វើអោយចំប៉ាតបទៅម្ចាស់សំនួរទាំងទឹកភ្នែករលីងរលោង។

“បានហើយ... ចំពោះបងវិញបងនឹកមីងនិងប្អូនៗខ្លាំងណាស់តែបងជាប់កិច្ចសន្យាការងារ និងបន្តការសិក្សា...ចុងឆ្នាំនេះក្រោយពីទទួលសញ្ញាបត្រហើយបងនឹង​ត្រលប់ទៅស្រុកកំណើតបងនឹងយកចំនេះដឹងដែលបងមានទៅអភិវឌ្ឍមាតុភូមិយើងអោយបានរីកចំរើនដូចស្រុកទេសគេអញ្ចឹង។ អូនមើល៍ចុះ! ប្រជារាស្រ្តប្រទេសគេមានចំណេះដឹងជ្រៅជ្រះណាស់ គេមានរោងចក្ររោងង៉ានគ្រប់ខេត្ត គេអាចផលិតរបស់ប្រើប្រាស់បានខ្លួនឯងមិន​ទិញពីបរទេសដូចស្រុកយយើងទេ”

“មែនហើយបង...តាមខ្ញុំដឹងទំនិញដែលនាំចូលប្រទេសខ្ញុំសព្វថ្ងៃនេះស្ទើរតែ​ទាំងអស់ជាទំនិញរបស់ថៃនិងចិន ហើយពួកជនចំនូលស្រុកទាំងនោះក៏សុទ្ធតែថៅកែរោង​ចក្រឧស្សាហកម្មនៅស្រុកយើងទៀតផង... ហេតុអ្វីបានជាប្រជាពលរដ្ឋប្រទេសយើងគិតមិនដល់ចំពោះបញ្ហានេះ... ទុកអោយបរទេសមកជាន់ក និងជាម្ចាស់លើប្រជាពលរដ្ឋយើងបែបនេះ”

“រឿងនេះមិនមែនតែប្អូនទេដែលគិតដល់នោះ នៅមានពលរដ្ឋជាច្រើនទៀតដែលគិតពីបញ្ហានេះដូចពួកយើង តែពួកគាត់បានតែគិតចោលដូចជាពួកយើងអញ្ចឹង” គូពិភាក្សាទាំងពីរត្រូវទុចង៉ក់នៅពេលដែលមានសំលេងគោះទា្វរ ហើយសួរសំនួរជាភាសាថៃ៖

“រំដួល...យូបានម៉ៃ?” រំដួលក្រោកឡើងទៅបើកទ្វារ

“អូ! អ្នកបងម្លិះ... ចូលមកក្នុងសិនអ្នកបង” រំដួលអញ្ជើញភ្ញៀវចូលផ្ទះ

ម្លិះជានារីជនជាតិថៃដែលជាតំណាងរបស់ក្រុមហ៊ុនស្វែងរកការ, នាងនារីម្នាក់ដែលរូសរាយរាក់ទាក់ជួយយកអាសាររំដួលរហូតមកដូចជារកសាលាអោយរំដួលរៀនជាដើម។ ថ្ងៃនេះនាងមកផ្តល់ដំណឹងល្អអោយរំដួលបានសប្បាយចិត្ត៖

“រំដួលខ្ញុំមកថ្ងៃនេះចង់ជំរាបដំណឹងល្អដល់ឯង...” រំដួលបើកភ្នែកធំងឿងឆ្ងល់៖

“មានរឿងអ្វីអ្នកបង?” ម្លិះញញឹមស្រាល៖

“ជួយត្រេកអរផងណា! ខាងក្រុមហ៊ុនបានយល់ព្រមបញ្ចប់កិច្ចសន្យាការងារ របស់ឯងក្នុងបីខែក្រោយនេះ គេលប់៥ខែចោល” រំដួលស្ទុះទៅអោបម្លិះ ហើយងាកមកអោបចំប៉ា៖

“អរគុណ អ្នកបងខ្លាំងណាស់... ចំប៉ាពួកយើងបានត្រលប់ទៅស្រុកកំណើតវិញហើយ”

ក្រោយពីបានទទួលដំណឹងល្អបែបនេះមក... រំដួលនិងចំប៉ាព្យាយាមរកការងារធ្វើបន្ថែម​ផ្សេងទៀតដើម្បីសន្សំប្រាក់ត្រលប់ទៅស្រុកកំណើត...

រាត្រីមួយនៅតាមដងផ្លូវពីកន្លែងធ្វើការមកផ្ទះជួល រំដួលនិងចំប៉ាបានជួប និងនារីរងគ្រោះម្នាក់ខ្លួនប្រាណរបស់នាងជោកជាំទៅដោយលោហិត ដួលសន្លប់មិនដឹងស្មារតីនៅលើចិញ្ចើមផ្លូវ... ឃើញភ្លាមនាងក្រមុំទាំងពីរក៏ហៅតាក់ស៊ីជូន​ជនរងគ្រោះទៅមន្ទីរពេទ្យ។ នៅក្នុងមន្ទីរព្យាបាលគ្រូពេទ្យបានផ្តល់ព័ត៌មានដល់​រំដួលនូវករណីជម្ងឺរបស់អ្នកជម្ងឺថា៖

“សូមទោសអ្នកនាងទាំងពីរត្រូវជាអ្វីនឹងជនរងគ្រោះ?” គ្រូពេទ្យសួរទៅរំដួលព្រោះចង់ដឹង​ការពិតនិងប្រវត្តិរបស់ជនរងគ្រោះ

“ចាស៎! លោកគ្រូ នាងខ្ញុំទាំងពីរគ្រាន់តែជាអ្នកយកអាសារជនរងគ្រោះប៉ុណ្ណោះ ហើយខ្ញុំនៅមិនដឹងថានាងមានទីលំនៅពិតប្រាកដឯណានៅឡើយទេ...” គ្រូពេទ្យងក់ក្បាល៖

“ល្អហើយ សូមអ្នកនាងជួយសហការជាមួយពួកយើងផងណា!” រំដួលបើកភ្នែកធំៗដោយ​ភាពងឿងឆ្ងល់៖

“នាងមានរឿងអ្វីលោកគ្រូ?” លោកគ្រូពេទ្យនិយាយតិចៗប្រាប់រំដួល និងចំប៉ា៖

“ក្មេងស្រីគ្មានអត្តសញ្ញណម្នាក់នេះ...មានជម្ងឺផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ហើយម្យ៉ាងទៀតនាង​ត្រូវគ្រាំគ្រាប្រដាប់ភេទជាដំណំ ប្រហែលជាត្រូវគេចាប់រំលោភទៀតផង... ចំពោះអត្តសញ្ញាណរបស់នាងមន្ទីរពេទ្យសហការជាមួយតម្រួតអន្តោប្រវេសន្តដើម្បីសើបសួររឿងនេះបន្ត...” លោកគ្រូពេទ្យនិយាយចប់ក៏លាអ្នកទាំងពីចេញទៅ រំដួលអង្គុយគិតតែម្នាក់៖

“ចុះហេតុអ្វីបានជាស្រ្តីភេទសម័យនេះធ្លាក់ជាជនដែលងាររងគ្រោះច្រើនបែបនេះ...ផុតពីរូបខ្ញុំ មកជួបចំប៉ា ឥឡូវរួចពីចំប៉ាមកដល់នារីម្នាក់នេះទៀត...!!! ហេតុអ្វីបានជាសង្គម​ឥឡូវ​មិន​គិតដល់រឿងនេះផង... ស្រ្តីមានសិទ្ធិ មានអំនាច មានសេរីភាពដូចបុរស! ចុះហេតុអ្វីបានជាប្រទេសដែលកំពុងអភិវឌ្ឍមិនបានយកចិត្តទុកដាក់ដល់បញ្ហានេះបន្តិចសោះអញ្ចឹង...? ឬមួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងនេះមានតែឈ្មោះ...ស្រ្តី និងកុមារទទួលរងនូវការធ្វើទុក្ខបុកម្នេញ ហើយក្លាយជាកាកសំណល់​របស់សង្គម​ទៅវិញ... នៅឯណាពាក្យថាៈ កុមារជាទំពាំងស្នងឫស្សី ស្រ្តីជាមាតានៃពិភពលោក នោះ”

នារីរងគ្រោះដែលកំពុងដេកស្នូកស្នឹង គ្មានសាច់ញាតិបងប្អូន គួរអោយអាណិតនោះ នាងឈ្មោះ ហ៊័រស៊ែន... នាងជាកូនកសិករដ៏លំបាកវេទនានៅខេត្តហាទៀង ប្រទេសវៀតណាម។ ព្រោះតែជីវភាពខ្វះខាត បងប្អូនច្រើននៅក្នុងបន្ទុកគ្រួសារ ហើយនាងជាកូនច្បងក្នុងគ្រួសារផងនោះនាងត្រូវរែកអំរែកជាប់ស្មាដើម្បីចិញ្ចឹមបងប្អូន។ ហ៊័រស៊ែន មិនបានចូលសាលារៀនទទួលការអប់រំដូចក្មេងដទែទៀតទេ នាងយកអំរែកអីវ៉ាន់​ជា​មិត្តដើរតត្រុកតាមចិញ្ចើមថ្នល់។ ក្រោយពេលមានការហាមឃាត់មិន​អោយលក់ដូរ​តាមចិញ្ចើមផ្លូវមក អាជីពដែលល្មមបានគ្រាន់រកអង្ករច្រកឆ្នាំរបស់នាងត្រូវបានបញ្ចប់ដែរ។

ល្មមនាងពេញក្រមុំអាយុបាន១៦ឆ្នាំ ម្តាយនាងបានយកនាងមកលក់អោយហាងស្រី​សោភិនីមួយកន្លែងនៅក្រុងហាណូយ។ ក្រោយពេលកុលាបដ៏ស្រស់ត្រូវបានរុះរោយមក ហ៊័រស៊ែន ត្រូវបានថៅកែហាងលក់បន្តមកអោយហាង​រៃរងនៅតាមខេត្តផ្សេងៗ​ក្នុងប្រទេសវៀតណាម។ មកដល់ចុងឆ្នាំ២០០៦ ហ៊័រស៊ែន ត្រូវបានពង្រាត់មករស់​នៅស្រុកខ្មែរ តាមរយៈទូកនេសាទមួយចូលមក​នេសាទខុសច្បាប់នៅ​ស្រុខ្មែរ។ នៅពេលនោះមិនមែនមានតែហ៊័រស៊ែនទេដែលត្រូវបានរត់មកច្រកកោននៅស្រុកខ្មែរនោះ នៅមានស្រ្តីនិងកុមារជាតិវៀតណាមជាច្រើនម៉ឺននាក់ទៀតដែលបង្ខំចិត្តអន្តោប្រវេសន្តមកស្រុកខ្មែរ។ ពួកគេនៅតាមទូក រស់នៅលើទឹក បំពុលបរិស្ថាន ដាំបន្លានិងចិញ្ចឹមត្រីដើម្បីបំផ្លាញ​ធនធានធម្មជាតិខ្មែរ យូរៗក៏ឡើងគោករួចប្រកបរបររកស៊ីផ្សេង​ធ្វើអោយខូច​សណ្តាប់ធា្នប់ពេញរាជធានី ក្មេងៗដើរខាត់ស្បែកជើង ចាស់ៗសូមទាន ចំណែកស្រីពេញ​ក្រមុំ​បើកហាងលក់ខ្លួនគ្រាន់ចិញ្ចឹមជីវិត។ ហ៊័រស៊េនរស់នៅផ្ទះបនមួយនៅម្តុំស្ទឹងជ័យ ក្រោយពេលដែលតំបន់ស្ទឹងមានជ័យត្រូវបានរុះរើនោះ ពួកគេក៏ប្តូរមកជួលផ្ទះជួរនៅតាម​ដងវិថីធំៗកណ្តាលរាជធានីភ្នំពេញ ហើយបើកហាងបែបស្ងាត់ៗវិញ។ នៅក្នុងផ្ទះសំណាក់របស់ពួកគេមានគ្រប់សកម្មភាពទាំងអស់ សេពគ្រឿងញៀនស្រវឹង, លក់-ទិញថ្នាំញៀន និងអំពើអនាចារជាដើម ។ល។

អំពើអនាថា ជួញដូរមនុស្សត្រូវបានធ្លាក់មកលើហ៊័រស៊ែនម្តងទៀត។ នាងត្រូវមេខ្យល់បោក​យកមលក់អោយកប៉ាល់នេសាទមួយនៅឈូងសមុទ្ទថៃ។ ការងារដ៏ធ្ងន់ធ្ងរធ្វើអោយនាង​ស្រុតកំលាំងចុះតែពួកថៅកែចាក់គ្រឿងញៀនធ្វើអោយនាងមានកំលាំងធ្វើការបន្ត រហូតត្រូវកម្មករនេសាទចាប់រំលោភយ៉ាងវេទនាទៀតផង។ ហ៊័រស៊ែនត្រូវរត់ឡើង​គោកមកដល់ក្រុងទេពជាមួយកម្មករថៃម្នាក់ទីបំផុតនាងត្រូវគេយកមកលក់ម្តងទៀត អោយរង្គសាលមួយនៅក្រុងទេពនេះ។ ជីវិតដ៏ល្វីងជូរចត់របស់ហ៊ូស៊ែនត្រូវមក​ឈប់ក្នុងមន្ទីរព្យាបាលកណ្តាលទីក្រុងទំនើបនេះ។

“អ្ហេ!អ្នកបង នាងដឹងខ្លួនហើយ...˝ រំដួលក្រោកទៅចាប់ដៃអ្នកជម្ងឺថ្នមៗ

“ប្អូនស្រីដឹងខ្លួនហើយមែនទេ?˝ ស្រ្តីរងគ្រោះសួរដូចមមីមមើល៍៖

“អ្នកបងពេលនេះខ្ញុំនៅទីណា?˝ ចំប៉ាអង្អែលដៃអ្នកជម្ងឺស្រាលៗ រួចតប៖

“នេះជាមន្ទីរពេទ្យ... អ្នកនាងដួលសន្លប់នៅតាមផ្លូវពួកឃើញខ្ញុំយកមកមន្ទីរពេទ្យនេះ˝ ស្រ្តីរងគ្រោះតបជាមួយទឹកភ្នែកជោកជាំ៖

“អរគុណអ្នកទាំងពីរខ្លាំងណាស់... បើកុំតែបានអ្នកបងទាំងពីរនោះមិនដឹងជាយ៉ាងម៉េចទេមើលទៅ!˝

“មិនអីទេ! សូមទោសតើប្អូនឈ្មោះអ្វីដែរ?˝

“ខ្ញុំឈ្មោះ ហ៊័រស៊ែន, ជាជនជាតិវៀតណាម˝ រំដួលនិយាយឈ្មោះនេះម្តងទៀត

“ហ៊័រ...ស៊ែន...ហ៊័រស៊ែន...ឈ្មោះនេះពិបាកហៅបន្តិច ប្រែជាភាថៃដូចម្តេចដែរ?˝ ហ៊័រស៊ែននឹកគិតបន្តិច៖

“ប្រែជាភាសថៃថា ដកប៊ូ ឬ បទុម˝ រំដួលញញឹមតិចៗ

“ដូច្នេះដើម្បីកុំអោយពិបាកហៅ ពួកបងហៅអូនឯងថា បទុមៗ ក៏បានមែនទេ˝ ហ៊័រស៊ែនញញឹមតូច៖

“អញ្ចឹងក៏បាន... ពិរោះណាស់ហ្តើឈ្មោះបទុម...អ៊ូយ...!˝ អាការៈជម្ងឺកំរើកចំប៉ាផ្តេកបទុមអោយគេងទៅវិញ៖

“គេងទៅយកកំលាំងណា! ឯងមិនទាន់បានស្រួលទេគេងចុះបងមិនរំខានទៀតទេ˝

“កុំព្រួយណា! បងនឹងជួយឯង ពួកបងទាំងពីរក៏ជាជនអន្តោប្រវេសន្តដែរ... នេះចំប៉ា ជាជនជាតិលាវ ចំណែកបងឈ្មោះរំដួល បងជាជនជាតិខ្មែរ មកធ្វើការនៅទីនេះជិតប្រាំឆ្នាំហើយ˝ បទុមរំភើប ភ្នែកស្រីបើកធំ៖

“វាជាការចៃដន្យមួយដែលខ្ញុំបានមកជួបពួកបងៗនៅទីនេះទេវតាពិតជាមានភ្នែកមែន...តទៅមុខប្អូននច្បាស់ជាមិនកំព្រាដូចមុនទៀតទេ˝

“មិនអីទេ... ពួកយើងជាអ្នកចំណាកស្រុកដូចគ្នាត្រូវតែជួយគ្នា...គេងទៅណា! បងទៅធ្វើបបរមកអោយ˝

.....................



ក្រោមការសើបសួររបស់តម្រួតអន្តោប្រវេសន្តថៃ ហ៊័រស៊ែនត្រូវស្ថានទូតវៀតណាមប្រចាំនៅរាជាណាចក្រថៃទទួល និងបញ្ជូនទៅស្រុកកំនើតវិញ។ ចំណែកចំប៉ាក៏បានត្រលប់ទៅស្រុកកំនើតវិញតាមបំណងរបស់នាង។ នាងត្រលប់ទៅស្រុកកំនើតឯសុវណ្ណខេត្ត ប្រទេសឡាវ។ ជីវិតដ៏គ្រោតគ្រាតរបស់ចំប៉ានិងបទុមបានស្រាកស្រាន្តមានជីវភាព និងមុខរបរមួយពិតប្រាដក។ អកុសលចំប៉ាធ្លាក់ខ្លួនឈឺ...ក្រោយពេលពិនិត្យ លទ្ធផលឃើញថានាងមានផ្ទុកមេរោគអេដស៍ នាងបានក្រុមការងារទប់​ស្កាត់ជម្ងឺអេដស៍ព្យាបាលដោយថ្នាំពន្យាអាយុ។ ឥឡូវនាងមានរឹងមាំធម្មតាដូចមនុស្សទូទៅ ហើយនាងទទួលភារកិច្ចថ្មីមួយទៀត ជាគ្រូបង្គោលចុះអប់រំសុខភាព រោគឆ្លងតាមរយៈភេទសម្ព័ន្ធ អោយយុវវជនឡាវប្រចាំនៅសុវណខេត្ត(ភូមិភាគកណ្តាលប្រទេសឡាវ)។

រំដួល បុប្ផាខ្មែរមកដល់ពេលនេះក៏បានបញ្ចប់កិច្ចសន្យាការងារនៅប្រទេសថៃហើយដែរ។ សារៈសំខាន់នៃជីវិតរបស់នាងដែលចំណាយពេលនៅបរទេស៥ឆ្នាំនោះ គឺនាងបានបំពេញបំនងយ៉ាងធំធេងមួយ នាងបានបញ្ចប់ការសិក្សាដោយជោគជ័យ... ពេលនេះនាងជាអ្នកស្ម័គ្រចិត្តអោយអង្គការមាតារតនៈ នៅកម្ពុជា។

បុប្ផាអភ័ព្វ ទាំងបីទង នៅពេលនេះក្លាយជាមគ្គុទេសដ៏ប្រសើរ ដែលស្តែងអោយឃើញការ​តស៊ូដ៏ក្តៅគគុករបស់ស្រ្តី រើបំរាស់ចេញពីរណ្តៅអវចីរដែលសង្គម​របស់ពួកគេមិន​អោយតម្លៃ។ ម្យ៉ាងទៀតជាសារមួយដែលបង្ហាញពីសាមគ្គីភាព​របស់ជាតិស្រ្តីនៅ​ក្នុងភូមិភាគ​ឥណ្ឌូចិនក៏ដូចជាស្រ្តីខ្មែរ និងស្រ្តីទាំងឡាយនៅលើពិភពលោក ហើយទទួល​ស្គាល់ លើកកំពស់យែនឌ័រ និងទាមទារសិទិ្ធជាអ្នកដឹនាំ...៕


រក្សាសិទ្ធិដោយអ្នកនិពន្ធ
(រឿងនេះត្រូវបានបោះពុម្ពចែកផ្សាយលើទីផ្សាររួចហើយ)

No comments: