Monday, January 18, 2010

> ០១-០១-១០ រាត្រីនៅភ្នំពេញ


រាត្រីនៅភ្នំពេញ
០១-០១-១០
និពន្ធដោយ ឡឹក ជំនោរ

            ៙ពន្លឺដ៏ភ្លឺស្រទន់របស់ព្រះចន្ទ្រានារាត្រីថ្ងៃពេញបូណ៌មីបានបាចសាចមកលើផែនភសុធា ធ្វើឲ្យរាត្រីនៅរាជធានីភ្នំពេញមានសភាពហាក់ដូចជាស្ថិតនៅក្នុងក្លឹបរាត្រីមួយ។ ភាពសប្បាយរីករាយរបស់ប្រជា រាស្ត្រ ជាមួយនឹងសុខសន្តិភាពយ៉ាងពេញបរិបូរណ៍ និងការអភិវឌ្ឍន៍របស់កម្ពុជា រាជាធានីភ្នំពេញក៏ប្រែមុខមាត់យ៉ាងស្រស់បំព្រងនឹកស្មានមិនត្រូវ រាជធានីបេះដូងនៃព្រះរាជាណាចក្រកម្ពុជាពេលនេះមានការរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ មហាវិថីធំៗ សួនច្បារ រូបសំណាក សំណង់អគារខ្ពស់ៗ ភ្លើងចម្រុះព័ណ៌ ...
បើយើងងាកមកខាងក្រោយប្រមាណជាងសាមសិបឆ្នាំយើងពិតជាមិនអាចស្មានដល់ថា ជាតិមួយដែលកាលណោះធ្លាក់នូវក្នុងរណ្តៅអវចីខ្មៅងងឹតនោះបែរជាប្រែមុខមាត់ស្រស់បស់ប៉ុណ្ណេះសោះ... ភ្លើង សង្គ្រាមឈ្លានពានពីបរទេស និងសង្គ្រាមស៊ីវិលកាប់សម្លាប់ជាតិសាសន៍ឯងបានធ្វើឲ្យដែនដីសុវណ្ណភូមិដ៏តូចមួយនេះធ្លាក់ចំណុចសូន្យ...

         ក្រោយពីការអភិវឌ្ឍន៍ឥតឈប់ឈរ... ភាពស៊ីវិល័យ និងអរិយធម៌បរទេសក៏បានជ្រៀតចូលមក ក្នុងសង្គមខ្មែរបន្តិចៗម្តង រហូតមកដល់ពេលនេះប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលអាចនិយាយបានថាជាប្រភពនៃវប្បធម៌មួយយ៉ាងសំបូរបែប សំបូរ! រហូតដល់កូនខ្មែរទាំងស្រីប្រុសបានភ្លេចខ្លួនឯងជាខ្មែរ ជាប្រជាជាតិមួយដែលមានវប្បធម៌រុងរឿងថ្កុំថ្កើង។ ភាពពាលាអាវាសែពីរបស់សង្គមខាងក្រៅបានធ្វើឲ្យចរិតមារយាទស្រ្តីខ្មែរប្រែប្រួលតាមបែប អរិយធម៌លោកខាងលិចស្ទើតែទាំងអស់។ ភាពពាលានេះហើយ ដែលសង្គមខ្មែរទាំងមូលកំពុងមានបញ្ហា ហើយសកម្មភាពក្មេងទំនើងពីមួយថ្ងៃទៅមួយថ្ងៃចេះតែរីកដុះដាលឡើងៗ បើនិយាយពីការស្លៀកពាក់របស់ពួកគេវិញពិបាកមើលណាស់... ឱ!ខ្មែរអើយ... កូនខ្មែរ!... នារីខ្មែរអើយ ពេលនេះអ្នកកំពុងស្ថិតក្នុងការទំពក់ទាញរបស់សម្ភារៈនិយមហើយ!

        ខ្ញុំនិយាយបែបនេះ ព្រោះថារឿងរ៉ាវទាំងអស់នោះរូបខ្ញុំផ្ទាល់មិនទាន់បានប្រលូកនៅឡើយទេ គ្រាន់តែកំពុងរស់នៅក្នុងសភាពមួយដែលពិបាក នឹងរស់តទៅទៀត... ក្នុងឱកាសបុណ្យទាន ឬទិវាសំខាន់ៗម្តងៗ ផ្ទះសំណាក់បារ ក្លឹបរាត្រីទូទាំងរាជធានី ឬជាយៗរាជធានីទាំងអស់ពេញទាំងអស់... តើមនុស្សមកពីណា? ហេតុអ្វីថ្ងៃធម្មតាបែរជាស្រឡះទៅវិញ?...

          ចំពោះសំនួរខាងលើនេះខ្ញុំទើបតែទទួលបាននូវចម្លើយមួយ ហើយវាជាចម្លើយដែលធ្វើឲ្យអ្វីៗត្រូវ
បានបាត់បង់ទៅគ្មានថ្ងៃនឹងវិលមកដូចដើមវិញ! ការគេចសាលារៀន លបលួចមានស្នេហាខុសច្បាប់ប្រពៃណីទំនៀមទំលាប់ខ្មែរ... ទីបំផុតខ្ញុំខ្លួនឯងក៏ជ្រុលហួសចូលក្នុងកំហុសនោះដោយមិនបានដឹងខ្លួន ដែរ...

         រាត្រីពេញបូរណ៌មីថ្ងៃនេះជាឱកាសមួយយ៉ាងល្អនៃការបារព្ធពិធីបុណ្យឆ្លងកំណើតរាជធានីគម្រប់៥៧៥ឆ្នាំ ហើយវាត្រូវចំថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីឆ្នាំសាកល គ.ស.២០១០ ទៀតផង។ ព្រះចន្ទ្រនៃរាត្រីកាលក៏ចេះតែរំកិលទិវាកាលឲ្យរសាត់អណ្តែតបន្តិចម្តងៗ ក្នុងស្នាមញញឹមមកលើសត្តនិករដែលកំពុងអំណរឆ្នាំថ្មីនេះគ្មានមន្ទិលឡើយ។ ទោះបីជាស្នាមញញឹមនៅតែមាននៅរាត្រីថ្ងៃស្អែក ឬពេញបូណ៌មីខែក្រោយទៀតក៏ដោយ ក៏អ្វីៗដែលបានកើតឡើងនៅក្នុងរាត្រីដ៏មនោរម្យនេះមិនបានត្រឡប់មកវិញដែរ... ទំហំនៃការបាត់បង់ទៅរបស់ខ្ញុំវាគ្មានអ្វីមកជំនួសបានទេ ទោះបីជាខ្ញុំស្លាប់ទៅរាប់រយជាតិក៏ដោយ ក៏សុភមង្គលដែលខ្ញុំធ្លាប់មានមុនទិវានេះមិនអាចមកប៉ះផ្សាបានដែរ។ ខ្ញុំស្តាយស្មាមញញឹមដ៏ត្រកាលរបស់ព្រះចន្ទ្រានាត្រីនោះ ខ្ញុំស្តាយខ្លួនប្រាណខ្ញុំដែលនៅពេលនោះដូចជាសំពត់ក្នុងផ្នត់ ស្តាយពាក្យប្រៀងប្រដៅរបស់លោកប៉ាអ្នកម៉ាក់ដែលធ្លាប់តែដាស់តឿនខ្ញុំ ស្តាយការសិក្សា ស្តាយមិត្តភាព ស្តាយប្រយោគស្នេហ៍បរិសុទ្ធមួយដែលបានវាចាចេញពីបបូរមាត់ដ៏ស្រស់ស្អាតរបស់ខ្ញុំនៅពេលនោះ... ប៉ុន្តែការពិតវិញ វាមិនអាចត្រឡប់ក្រោយបានទៀតឡើយ ទោះជាប៉ាកកាមួយដើមនេះជ្រលក់ទឹកខ្មៅសរសេរឲ្យអស់រយពាន់ទំព័រទៀតក៏មិនអាច ព័ណ៌នាពីអ្វីដែលកើតឡើងនៅរាត្រីនោះបានដែរ...

          ខ្ញុំជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យមួយនៅក្នុងរាជធានីភ្នំពេញ។ កំឡុងពេលសិក្សាយ៉ាងមមាញឹកពេញមួយត្រីមាសនេះពួកយើងគ្មានបានទៅទស្សនកិច្ចសិក្សានៅកន្លែងណាមួយទេ ព្រោះឆ្នាំនេះខាងសាកលវិទ្យាល័យចង់ឲ្យការប្រព្រឹត្តទៅនៃការបង្រៀន និងរៀនបានចប់សព្វគ្រប់នៅដើមខែមិថុនា ដូច្នេះគ្រប់វិជ្ជាត្រូវសិក្សាដោយបង្ខំទាំងអស់។

           ថ្ងៃព្រហស្បតិ៍ទី៣១ ខែធ្នូ ឆ្នាំ២០០៩ នេះលោកសាស្រ្តចារ្យបានដឹកនាំនិស្សិតទៅកំសាន្តនៅ រមណីដ្ឋានភ្នំប្រុសភ្នំស្រី ខេត្តកំពង់ចាម។ ដំណើរកំសាន្តរបស់ពួកយើងបានចាប់ផ្តើមចេញពី ព្រលឹមដើម្បីឆាប់បានត្រឡប់មកវិញទាន់ពេល ចូលរួមកំសាន្តបុណ្យឆ្លងខួបរាជធានីភ្នំពេញ។ ដំណើររបស់ខ្ញុំពេលនេះមានការរាំងស្ទះបន្តិចពីលោកប៉ាអ្នកម៉ាក់ ពីព្រោះថា ថ្ងៃនេះពួកគាត់មានដំណើរទៅលេង លោកយាយលោកតានៅតាមខេត្តផងដែរ ដូច្នេះផ្ទះគ្មាននរណានៅទាល់តែសោះ ហើយការធ្វើដំណើរទៅ លេងនៅកំពង់ចាមនេះបើគ្មានរូបខ្ញុំមិត្តភ័កិ្តជាច្រើនទៀតក៏មិនអាចទៅបានដែរ ខ្ញុំមិនអាចកាត់មិត្តភាពមិត្តភ័ក្តិបានទេ ខ្ញុំក៏សម្រេចចិត្តទៅដើរលេងដោយប្រឆាំងនឹងការសូមអង្វរកររបស់ប៉ាម៉ាក់។ រាល់សំណូមពរបស់ខ្ញុំប៉ាម៉ាក់មិនធ្លាប់រារាំងឡើយ ហើយម្យ៉ាងគាត់មានកូនស្រីបណ្តូលចិត្តតែម្នាក់គត់ លោកមិនធ្លាប់សម្តីធំ ឬធ្ងន់ដាក់ខ្ញុំឡើយ ទោះបីជាខ្ញុំមានកំហុសក៏ដោយ ខ្ញុំស្តាប់បង្គាប់គាត់គ្មានហ៊ានលោះលើស សម្តីគាត់ឡើយ។ ប៉ុន្តែម្តងនេះក៏ព្រោះតែអំណាចវាចារបស់មិត្តភ័ក្តិប្រុស របស់ខ្ញុំម្នាក់ដែល ទើបតែស្គាល់មិនប៉ុន្មានថ្ងៃនោះ ធ្វើឲ្យខ្ញុំមិនអាចច្រានចោលនូវសំណូមពររបស់គេបាន... មិនដឹងថា ហេតុអ្វីបានជាពិសមន្តវាចារបស់គេពិរោះម្ល៉េះក្នុងថ្ងៃនោះ? គិតពីគេភ្លាមខ្ញុំចាប់អារម្មណ៍លើគេភ្លាម ហើយមើលឃើញរូបគេក្នុងរឿងសុទិដ្ឋនិយមទាំងអស់...។

            រថយន្តក្រុងបានចេញដំណើរផុតទៅត្រើយម្ខាងទៅហើយនៅតែមិនឃើញវណ្ណៈមកទៀត... ខ្ញុំគិតក្នុងចិត្តរួចសួរទៅជីវាដែលជាមិត្តជិតសិនិទ្ធរបស់គេ៖
“ជីវា... ឯណាមិនឃើញបងវណ្ណៈ គាត់មិនមកទេអី?” ខ្ញុំសួរទៅជីវាដូចជាចាប់អារម្មណ៍យកចិត្តទុកដាកលើគេខ្លាំងណាស់អីចឹង តែសំនួរបស់ខ្ញុំទទួលបានមកវិញនូវចម្លើយមួយដែលមិនគួរចង់ស្តាប់៖
“អើ... ក្រែងវល័ក្ខឯងបានណាត់គ្នារួចហើយហ្តើ ម្តេចក៏មកសួរគ្នាទៅវិញមិនដឹងទេ បើចង់ដឹងម៉េចមិនទូរស័ព្ទទៅគេសួរខ្លួនឯងទៅ...” គេឆ្លើយរួចបែរមុខទៅម្ខាងប្រងើយ។
          ចម្លើយរបស់គេបានធ្វើឲ្យខ្ញុំគិតដល់អ្វីៗដែលជាការបរាជ័យរបស់ជីវា ព្រោះជីវាពីមុនក៏ជាមិត្តសិនិទ្ធរបស់ខ្ញុំដែរ ប៉ុន្តែទីបំផុតគេមានបំណងសូមសេ្នហ៍ពីខ្ញុំ តែត្រូវខ្ញុំបដិសេធគេ ទីបំផុតពាកក្យសម្តីដដែលរបស់ ជីវាបែរជាពាក្យថ្មីរបស់វណ្ណៈប្រើមកលើរូបខ្ញុំទៅវិញ... ខ្ញុំអាណិតជីវាណាស់ ជីវាជាមនុស្សល្អជាបុរសដែលខ្ញុំអាចទុកចិត្តបាន ខ្ញុំនៅមិនទាន់ចង់ទទួលរឿងនេះភ្លាមទេ ព្រោះយើងទាំងពីរស្ថិតក្នុងវ័យស្វែងរកវិជ្ជា ប៉ុន្តែធ្វើដូចម្តេចបើពេលនេះអ្វីៗបានកន្លងហូសទៅហើយនោះ។ បំណងចម្បងរបស់ខ្ញុំពួកគេទាំងពីរជាមិត្រដ៏ល្អរបស់ខ្ញុំ មានតែមិត្តភាពប៉ុណ្ណោះដែលអាចធ្វើឲ្យពួកយើងមើលមុខគ្នាចំ ស្រឡាញ់គ្នាបានយូរអង្វែង។(ខ្ញុំសញ្ជឹងគិតពីរឿងខ្ញុំនិងជីវា)
“មិនអីទេ វល័ក្ខ នេះ! ខ្ញុំមានលេខទូរស័ព្ទហៅទៅគេចុះ...” ម៉ារ៉ាឌីហុចទូរស័ព្ទមកឲ្យខ្ញុំ។
“អរគុណ ម៉ារ៉ាឌី...តែមិនបាច់ក៏បានដែរ ប្រហែលជាគាត់ជាប់រវល់ហើយមើលទៅ... ប៉ុន្តែបើគាត់រវល់ពិតមែននោះ គាត់ប្រាកដជាមកតាមក្រោយជាមិនខានឡើយ...” ម៉ារ៉ាឌី និងខ្ញុំ ញញឹមដាក់គ្នារួចអង្គុយស្ងៀមក្នុងរថយន្តក្រុងគយគន់មើលទេសភាពតាមដងផ្លូវពីភ្នំពេញទៅកំពង់ចាមស្ទើរភ្លេចខ្លួន។
មិនយូរប៉ុន្មានរថយន្តក៏ទៅដល់រមណីដ្ឋានដោយសុវត្ថិភាព។ និស្សិតទាំងអស់បានចុះពីរថរៀបចំឥ វ៉ាន់ប្រដាប់ប្រដាម៉ាស៊ីនថត រួចបំបែកគ្នាដើរជាក្រុមតូចៗ ក្រុមខ្លះក៏មាន ពីរ មានបី មានប្រាំនាក់... ចំណែកបុរសវណ្ណៈវិញចេញពីក្រុងភ្នំពេញយឺតបន្តិច តែគេក៏អាចទៅដល់គោលដៅប្រហែលគ្នានឹងរថយន្តក្រុងធំនោះដែរ។
“វល័ក្ខ... ឲ្យខ្ញុំសូមទោសដែលធ្វើឲ្យល័ក្ខបារម្ភព្រោះខ្ញុំជាប់បង្ហើយការងារជូនលោក ប៉ា និងជូនគាត់ឡើងយន្តហោះទៅមើលការងារនៅឯបរទេសបន្តិច ឲ្យខ្ញុំសូមទោសអស់ពីចិត្តតែម្តងណា!” វណ្ណៈចុះពីរថយន្តផ្ទាល់ខ្លួនរបស់គេសំដៅមករកខ្ញុំដែលពេលនោះកំពុងឈររេរាអាល់អែកមិនចង់ទៅជាមួយមិត្តទាំងឡាយ ដោយក្នុងអារម្មណ៍របស់ខ្ញុំនៅខ្វះអ្វីម្យ៉ាងក៏មិនដឹង ហើយឈរធ្វើមិនស្តីពេលដែលឃើញវណ្ណៈអង្វរសូមទោសបែបនោះ។ ឃើញសភាពខ្ញុំធ្វើបែបនេះវណ្ណៈចូលទៅជិតរួចចាប់ដៃទាំងពីររបស់ខ្ញុំរួចពោលពាក្យលួងលោមនូវវាចាដ៏ពិរោះ... ឃើញកាយវិការរបស់គេបែបនេះមិត្តនារីដ៏ទៃទៀតក៏ដើរចេញអស់ទុកឱកាសឲ្យយើងទាំងពីរបានយល់ចិត្តគ្នា។ ពេលដែលបានស្តាប់ការលួងលោមបែបនេះចំពេលដែលខ្ញុំមុននេះបន្តិចបារម្ភពីគេផងនោះក៏មានកូនចិត្តអាណិតគេភ្លាមហើយញញឹមទទួល។

            ដំណើរកំសាន្តរបស់និស្សិតនៅគ្រានេះបានបញ្ចប់ទៅដោយភាពសប្បាយរីករាយ បង្កប់នូវអនុស្សាវរីយ៍មិនអាចកាត់ថ្លៃបាននៅក្នុងជីវិតសិក្សារបស់ពួកយើង។ ខ្ញុំ និងវណ្ណៈក៏មានឱកាសបានសាសងគ្នាយ៉ាងផ្អែមត្រជាក់ យល់ចិត្តថ្លើមគ្នា សច្ចាថានឹងស្រឡាញ់គ្នាយ៉ាងស្មោះស័្មគ្រ...
ក្រោយពេលបញ្ចប់ដំណើរទស្សនកិច្ចប្រកបដោយអនុស្សាវរីយ៍នោះមក ខ្ញុំមិនបានធ្វើដំណើរតាមក្បួនរថរបស់សាលាទៀតទេ ខ្ញុំបែរជាជិះមកជាមួយរថយន្តផ្ទាល់ខ្លួនរបស់វណ្ណៈវិញ។ ពួកយើងទាំងពីរមានឱកាសសាងស្នេហាយ៉ាងមានឥស្សរភាពជាមួយគ្នាគ្មានភ្នែក ឬការរំខានពីមិត្តណាម្នាក់ឡើយ មកជិតដល់ព្រែកលាភ វណ្ណៈបានបបួលខ្ញុំចូលទៅហូបបបរសនៅហាងរាត្រីមួយកន្លែងនៅមិនឆ្ងាយពីរាជធានី ដើម្បីរង់ចាំពេលចូលឆ្នាំថ្មី។

        ការខកខានមកផ្ទះមិនទាន់របស់ខ្ញុំពេលនេះគ្មាននរណាហៅរកដូចសព្វមួយដងឡើយ។ ធម្មតាពេល
ដែលខ្ញុំចូលផ្ទះខុសធម្មតាប៉ាម៉ាក់តែងតែទូរស័ព្ទរកហើយមកទទួល ប៉ុន្តែចំឡែកម្តងនេះហេតុអ្វីបានជាពេល
នេះស្ងាត់សូន្យអញ្ចឹង ខ្ញុំព្យាយាមទូរស័ព្ទមកជម្រាបប៉ាម៉ាក់ដែរតែទាក់ទងមិនបានរហូត។
ពាក្យពេចន៍ផ្អែមល្ហែមរបស់វណ្ណៈធ្វើឲ្យខ្ញុំលង់លក់ដោយមិនដឹងខ្លួន។ ខ្ញុំដឹងតែម្យ៉ាងប៉ុណ្ណោះគឺគេបានហៅដូងក្រឡុកមួយផ្លែមកឲ្យខ្ញុំ ក្រោយពេលដែលខ្ញុំដឹងខ្លួនឡើងអ្វីបានបញ្ចប់អស់ទៅហើយ។ ខ្ញុំបានដឹងខ្លួននៅពេលដែលឮស្នូរផ្ទុះយ៉ាងខ្លាំង... វាគឺជាស្នូរកាំជ្រួចដែលគេបាញ់អបអរឆ្នាំថ្មី អបអរខួប៥៧៥ឆ្នាំរបស់រាជធានីភ្នំពេញ ហើយជាការបញ្ជាក់ថា ឆ្នាំចាស់បានផ្លាស់ដោយឆ្នាំថ្មីហើយ... ខ្ញុំដឹងខ្លួនឡើងក្នុងរង្វង់ដៃរបស់បុរសដែលជាមិត្តរួមថ្នាក់របស់ខ្ញុំហើយខ្ញុំទើបតែស្គាល់គេស្និទ្ធកាលពីថ្ងៃម៉ិញ... ហេតុអ្វីជាតិជាស្រ្តីក៏ទន់ខ្សោយយ៉ាងនេះ... គ្មានអ្វីក្រៅពីដំណក់ទឹកភ្នែកទេដែលមកលាងជម្រះនូវភព ខ្មៅអប្រិយនៅក្នុងរាត្រីនោះ។ ខ្ញុំបានដឹងហើយថា វាជាស្នេហ៍គ្រាដំបូងដែលខ្ញុំទទួលយកបានហើយកំពុង តែបាត់បង់ទៅ។ វណ្ណៈ លួងលោមខ្ញុំថានឹងទទួលខុសត្រូវនូវគ្រប់ទង្វើរបស់គេ គេធ្វើបែបនេះព្រោះតែគេស្រឡាញ់ខ្ញុំ។ ទោះបីជាគេបានបបោសអង្អែលលួងលោមខ្ញុំប៉ុណ្ណាក៍ដោយក៏មិនអាចមកជំនួសអ្វីៗដែលខ្ញុំបានបាត់បង់នូវរាត្រីនោះដែរ...!!! កាំជ្រួចក៏បានបន្ថយស្នូរបន្តិចម្តងៗរហូតបាត់លែងឮ   ព្រះចន្រ្ទដ៏ស្រស់ថ្លានៅក្នុងរាត្រីនោះក៏មានដុំពពកខ្មៅ មករាំងបាំងជិត អន្ធការក៏មកជំនួសវិញ... ខ្ញុំក៏លង់លក់ក្នុងសាគរកាមគុណគ្មានកោះត្រើយសារជាថ្មី។ អ្វីៗបានកន្លងផុតទៅហើយ។ ខ្ញុំគ្មានសល់អ្វីទៀតក្រៅពីកាកសំណល់ជីវិត និងឈ្មោះថាជាក្រមុំតែស្រោមខាងក្រៅតែប៉ុណ្ណោះ។
         កំពុងតែលង់លក់ក្នុងរង្វង់ដៃរបស់ប្រុសេស្នហ៍សម្លេងទូរស័ព្ទបានរោទិ៍ឡើង ខ្ញុំភិតភ័យជាខ្លាំងគិតថា ប្រាកដជាប៉ាម៉ាក់តាមរកហើពេលនេះ តើខ្ញុំនឹងដោះស្រាយជាមួយគាត់យ៉ាងដូចម្តេច? កំពុងតែគិតមិនទាន់បានលើកទូរស័ព្ទផងស្រាប់តែផ្តាច់ទៅវិញ ខ្ញុំពិនិត្យលេខទូរស័ព្ទដែលហៅចូលភ្លាម។ ក្រោយពេលពិនិត្យរួចដួងចិត្តបានស្បើយបន្តិចព្រោះមិនមែនជាលេខរបស់ប៉ាម៉ាក់ ក្នុងចិត្តរបស់ខ្ញុំគិតថា ប្រហែលជាគាត់ទៅដល់ស្រុកកំណើត ទូរស័ព្ទគ្មានសេវាទើបមិនបានទូរសព័្ទមកខ្ញុំ ខ្ញុំក៏ឆាប់សម្រាកទៅវិញ។ មួយសន្ទុះក្រោយមកហៅចូលម្តងទៀត ម្តងនេះជាលេខទូរស័ព្ទលើតុ ហើយមិនមែនជាលេខរបស់គ្រួសារខ្ញុំទៀត... ខ្ញុំចាប់ទទួលភ្លាម៖
“ជម្រាមសួរ ហៅមកពីខាងណាដែរចា៎ស!” ខ្ញុំសួរទៅខ្សែម្ខាងទៀត តែខ្ញុំទទួលបាននូវប្រយោគមួយដែលមិនគួរឲ្យជឿ ហើយស្មានមិនត្រូវទៅវិញ។
“ទីនេះមន្ទីរសង្រ្គោះនៃមន្ទីរពេទ្យកាល់ម៉ែត អ្នកនាងត្រូវជាកូនស្រីរបស់លោកសម្បត្តិ និងលោកស្រីស៊ីនួនមែនទេ ពេលនេះសូមអ្នកនាងមកទទួលយកសពរបស់ពួកគាត់ទៅផ្ទះផង...”
ការសន្ទនារបស់ខ្ញុំជាមួយលោកគ្រូពេទ្យតាមទូរស័ព្ទមិនទាន់បានចប់ផងស្រាប់តែទូរស័ព្ទបានធ្លាក់ពី
ដៃរបស់ខ្ញុំទាំងមិនដឹងខ្លួន។ ខ្ញុំឈរទ្រឹងបោះដូងរបស់ខ្ញុំឈប់កម្រើកទន់ជង្គង់ចុះគ្មានវិញ្ញាណមួយរំពេច... ពុទ្ធោហេតុអ្វីបានជាមានរឿងនេះកើតឡើងទៅវិញ។
ឃើញសភាពខ្ញុំបែបនេះ វណ្ណៈមកត្រកងខ្ញុំហើយជូនខ្ញុំមកមន្ទីរពេទ្យកាល់ម៉ែត។ រឿងរ៉ាវទាំងអស់ដូចជាយល់សប្តិអីចឹង! ខ្ញុំដឹងខ្លួនឡើងក្នុងមន្ទីរពេទ្យ... ខ្ញុំស្ទុះក្រោកចេញពីគ្រែរួចសំដៅទៅរកប៉ាម៉ាក់...
“លោកប៉ា... អ្នកម៉ាក់...កូនខុសហើយ!!!” រាងកាយដ៏ស្តូកស្តឹងរបស់លោកនៅគ្រែទន្ទឹមគ្នា។ ខ្ញុំយំសោកស្តាយនូវអ្វីៗដែលបានបាត់បង់ទៅ... អ្នកមានគុណ និងវ័យក្រមុំរបស់ខ្ញុំ ការសិក្សាមិត្រភាព... ការបាត់បង់របស់ខ្ញុំក្នុងជាតិនេះទោះបីជាខ្ញុំព្យាយាមទួញសោកឲ្យរហែកផែនដីទៀតក៏របស់ទាំងអស់នោះមិនអាចវិលត្រឡប់មកវិញដែរ។

           ក្រោយពេលដែលខ្ញុំបាននាំសពប៉ាម៉ាក់មកដល់ផ្ទះ ខ្ញុំបានទទួលដំណឹងពីមិត្តភ័ក្ត្រថា វណ្ណៈមិត្រប្រុសរបស់ខ្ញុំដែលប៉ុន្មានម៉ោងមុននេះយើងទាំងពីរបានទៅដល់ស្ថានមួយដែលជាមរតកនៃស្នេហានោះបានលាពីខ្ញុំទៅភពមួយផ្សេងទៀតដោយគ្រោះថ្នាក់ចរាចរ។ តាមពិតពេលដែលខ្ញុំសន្លប់ពេលទទួលដំណឹងពីលោកគ្រូពេទ្យនោះ គេបាននាំខ្ញុំមកសង្គ្រោះ នៅមន្ទីរពេទ្យហើយក៏គេចបាត់ទៅ...
ទទួលដំណឹងដ៏គួរឲ្យតក់ស្លុតនេះភ្លាមខ្ញុំក៏ចាប់ផ្តើមកើតក្តីអស់សង្ឃឹមជាថ្មី... បែរទៅឪពុកម្តាយត្រូវស្លាប់ចោលអស់ ងាកមករកគូស្នេហ៍ត្រូវលាលោកនេះទៀត... ពេលនេះខ្ញុំនៅសល់តែសំបកជីវិតតែប៉ុណ្ណោះ ព្រហ្មលិខិតហេតុអ្វីបានជាអ្នកដាក់ទណ្ឌកម្មមកលើរូបខ្ញុំខ្លាំងម្ល៉េះ!
លោកប៉ាអ្នកម៉ាក់ កូនខុសហើយ! កូនខុសមិនស្តាប់បង្គាប់លោក... មិនដើរតាមគន្លងរបស់លោកទាំងពីរ...!!!

          ខ្ញុំពេលនេះ ក្លាយជាមនុស្សគ្មានញាតិគ្មានមិត្ត មានតែភាពសោកសៅប៉ុណ្ណោះជាគ្នាកំដរជីវិតរបស់ខ្ញុំនៅ។ រាត្រីភ្នំពេញ ទិវា០១-០១-១០ មិនបានពាំនាំសេរីសួស្តីមកឲ្យខ្ញុំទេ... លោកបែរជានាំអវចីភាពនៃជីវិតមកឲ្យខ្ញុំទៅវិញ... រាត្រីនេះហើយដែលធ្វើឲ្យខ្ញុំបាត់បង់នូវអ្វីទាំងអស់... សូមឲ្យនារីខ្មែរទាំងឡាយកុំបីភ្លើតភ្លើនដូចជារូបខ្ញុំឲ្យសោះ អ្នកត្រូវចាំថាការបាត់បង់នៃភាពជាមនុស្សមិនអាចនឹងវិលថតក្រោយបានឡើយដូចទឹកដមវាចារបស់ប្រុសព្រានឡើយ... ភាពស្រស់ស្អាតរបស់យើងជានារីសម័យនេះអាចក្លាយជាទំនិញដែលមានទីផ្សារល្អបំផុត សម្រាប់ប្រុសព្រាន... នាងត្រូវគិតឲ្យបានល្អិតល្អន់មុនពេលសម្រេចបង្ហូរពាក្យថា “សេ្នហា”ចេញពីបបូរមាត់របស់អ្នក... ៚

(រឿងខ្លីមួយនេះ សរសេរដោយឈរលើមូលដ្ឋានព័ត៌មានពិតមួយ ដែលបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ រាត្រី០១-០១-១០ អ្នកនិពន្ធសុំរក្សាសិទ្ធិមិនបញ្ចេញឈ្មោះអ្នកផ្តល់ព័ត៌មាន)

រាជធានីភ្នំពេញថ្ងៃសុក្រទី០១ មករា ២០១០

ម៉ោង០៧.០០នាទី

ឡឹក ជំនោរ

No comments: