កុំស្លាប់ដូចពស់រស់ដូចកង្កែប
រៀបរៀងដោយ
ផល-ទិត
ក្រុមជំនុំព្រះត្រៃបិដក
គតិភាសិតព្រឹទ្ធនិទាន ថាកាលនោះមានតាឥសី
មួយអង្គគង់សាងបារមី បាលីហៅថា
"មេត្តាធម៌" ។
អប់រំព្រះទ័យនិស្ស័យចិត្ត ករុណាអាណិតសត្វនិករ
សព្វកាលតែងកាន់ក្រឹត្យបវរ គឺចរចង្ក្រមផ្សំវិវេក
។
ថ្ងៃមួយ
កំពុងស្លុងអារម្មណ៍ ចរច្រប់ចង្ក្រមអារម្មណ៍ឯក
ស្រាប់តែឮសូរស័ព្ទសម្រែក កង្កែបមួយស្រែកគួរអាណិត
។
ហាក់ដូចដង្ហោយហៅរកឈ្មួយ ឲ្យជួយស្រោចស្រង់ជន្មជីវិត
តាបសឮភ្លាមតាមអង្កិត ពិនិត្យមើលការណ៍តើជាអ្វី
?។
លោកឃើញពស់មួយចាប់កង្កែប កំពុងប្រឹងលេបជាចំណី
តាបសទាស់ប្រាជ្ញពុំអាចក្រី ពុំដឹងកាត់ក្ដីរបៀបណា
?។
បើជួយកង្កែបឲ្យរួចរស់ នោះពស់អត់ឆីក្ស័យជន្មា
បើនឹងបណ្ដោយតាមចិត្តវា កង្កែបពិតជាស្លាប់ពុំខាន
។
ជួយមួយឲ្យរស់
មួយត្រូវស្លាប់ លៃម្ដេចឲ្យគាប់ទាំងពីរប្រាណ
ទើបប្រើវិចារណញ្ញាណ រំឭកទូម្មានកង្កែបថា=
“នែ!ចៅកង្កែប!ចូរអែបស្ដាប់ អាត្មានឹងប្រាប់ដោយមេត្តា
ចៅឯងប្រុងរើមែនទែនណ៎ា! ឮទេចៅតា ? ចរហាឆ្លើយ...
។
កង្កែបយល់ស្របតបភ្លាមថា “កូណា!កូណា!ខ្ញុំប្រុងហើយ"
ឥសីសួរឲ្យកង្កែបឆ្លើយ រួចហើយក៏ពោលទៅរកពស់ៈ
“ហៃចៅពស់វែកដ៏មានឫទ្ធិ រួបចោវិចិត្រប្រណិតស្រស់
ជីតាកាន់ផ្នួសជាតាបស ចង់ឲ្យចៅរស់ដោយសុនសាន្ត
។
ឥឡូវចៅចាប់បានកង្កែប ចូលចៅប្រឹងលេបឆីឲ្យបាន
ឮទេ!ពាក្យតាទាំងប៉ុន្មាន ប្រឹងប្រាណមែនទែនណាចៅណ៎ា
គ្រាន់តែពស់វែកហើបមាត់ថា “កូណា...
“ប៉ុណ្ណឹងប្រឹងហាឆ្លើយ
កង្កែបស្ទុះផ្លោតលោតទៅត្រើយ ផុតហើយមុជផ្លិបចូលត្រឹបបាត់
។
ពស់វែកវរវឹកហាក់ភ្លឹកភ្លាំង ភ្លេចខ្លួនមួយភាំងតាំងហាមាត់
ភ្លីភ្លើមកភ្លយឲ្យខ្លួនភ្លាត់ កង្កែបរត់បាត់ពីមាត់ទៅ
។
ក៏ស្ទុះដេញភ្លាមតាមប្រកិត តែត្រូវខកចិត្តដ្បិតទឹកជ្រៅ
មិនយល់តិសណាកង្កែបទៅ មួម៉ៅក្ដៅចិត្តឥតចេញស្ដី
។
បើអត់អាហារធម្មតាលោក មុខជាកើតរោគឃ្លានចំណី
ហើយទីបំផុតសត្វលោកិយ តែគ្មានចំណីត្រូវតែស្លាប់។
នេះគឺនិទានជានិទស្សន៍ ប្រាជ្ញប្រាយរឿងពស់ដែលត្រូវងាប់
ហើយនិងកង្កែបដែលផុតស្លាប់ មានជាប់ជាក្បួនជូនលោកិយ
។
សត្វពស់ក៏រស់ដោយអាហារ ត្រូវការកង្កែបជាចំណី
ចាប់ជាប់នឹងមាត់គិតនឹងឆី ចាញ់ស្នៀតឥសីព្រោះក្ដីល្ងង់
។
ចំណីក្នុងមាត់ក៏អត់ភ័ព្វ រក្សាមិនជាប់ឲ្យបាត់បង់
នេះប្រៀបប្រដូចនឹងមនុស្សល្ងង់ លិចលង់លំនឹងពឹងវាសនា
។
មិនចេះរិះគិតស្រិតយោបល់ គំនិតដូចគល់គ្មានប្រាជ្ញា
ជឿតាមតែពាក្យគេឃោសនា ខុសត្រូវម្ដេចម្ដាមិនរវល់។
ចេះធ្វើការដែរ
តែកម្សត់ បានត្រឹមនឿយហត់ទុកអំពល់
លុះដល់ពេលដែលត្រូវបានផល របូតជាផ្ដាល់ទៅគេផ្សេង
។
ភោគផលភណ្ឌខ្លួនចំនួនគ្រប់ បែរជាភ័ព្វដេកផ្សងព្រេង
បណ្ដោយឲ្យគេជ្រៀតជញ្ជែង ព្រមថាខ្លួនឯងគ្មានវាសនា
។
បើមានសម្បត្តិធនធានផង មិនចេះស្ងួនគ្រងថែរក្សា
ជាមនុស្សចុះផ្លូវត្រូវតម្រា ថា"ចាំវាសនាលើកបណ្ចុក"
។
ពូកែខាងធ្វើភ្លើភ្លេចផល មិនយល់នាទីជាបន្ទុក
មួយដូចពេលខ្មាំងចូលភូមិស្រុក ឈ្លានពានសន្តិសុខប្រទេសជាតិ។
វាបោកគំនិតស្បិតបើដឹង ពឹងតែពីប្រឹងខំខ្មីឃ្មាត
អួតថាធ្វើការដើម្បីជាតិ ផលខាតចំណេញវិញមិនយល់។
ខ្មាំងមកពីនាយស្ពាយអាវុធ ប្រើល្បិចលាក់ពុតឥទ្ធិពល
ខ្លបដូចខ្លាស្គមថ្នមទំគល់ យើងគិតមិនដល់យល់ថាស្លូត
។
ប្រឹងស្លួនចំណីលៃចណុក ដាក់ទុកពួកវាថា
"វេទទូត"
សមនឹងបរិតយើងស្លូតបូត ជឿវារហូតស្លាប់គំនិត
។
ខំប្រឹងធ្វើការទាំងយប់ថ្ងៃ ជួយពេញដៃដោយស្មោះចិត្ត
ដឹកស្បៀងដឹកគ្រាប់យប់ងងឹត ជួយបិទបាំងរាំងយាមល្បាត
។
ជួយដុតសាលាជួយដុតស្ពាន ជីកលេណដ្ឋានជីកថ្នល់ជាតិ
ជួយហូតពន្ធដារជួយបង់កាត ជួយចាប់ពិឃាតជនប្រឆាំង
។
ជួយចាប់លោកសង្ឃសណ្កូនទឹក ជួយចាប់លោកផ្សឹកឲ្យទៅច្បាំង
ជួយឃោសនាថា
ខ្មែរជាខ្មាំង ជួយច្បាំងទាហានគ្មានសំចៃ
។
គិតចុះប្រុសប្រាជ្ញគួរខ្លាចខ្មាស រឿងនេះជាក់ច្បាស់គ្មានបំភៃ
បើយើងខំម្ល៉ឹងមិនដឹងន័យ តើបានជោគជ័យទៅអ្នកណា
?។
ថាមកប៉ុណ្ណេះរិះប៉ុណ្ណឹង
ល្មមឲ្យយើងដឹងយល់បានថា
កម្លាំងដែលយើងប្រឹងជួយវា ពិតជាឲ្យយល់ផលគួរស្ដាយ
។
គឺបានលទ្ធផលអស់ស្រូវខ្មែរ ខ្ទេចវត្តម៉ត់កេរ្តិ៍ខ្មែរទាំងឡាយ
ថ្នល់ខ្មែរស្ពានខ្មែរដាច់អន្តរាយ អគារឆើតឆាយក្លាយជាដី
។
ភូមិខ្មែរប្រែជាវាលស្រឡះ ឆេះផ្ទះសាលាខ្ទេចផ្សារត្រី
វត្ថុបុរាណដ៏ល្បាញល្បី សមិទ្ធិថ្មីហិនហៃដែរ
។
មិនត្រឹមតែទ្រព្យ
ស្លាប់ទាំងមនុស្ស ក្មេងចាស់ស្រីប្រុសសុទ្ធតែខ្មែរ
គឺខាតទាំងទ្រព្យជា... ខូចស្លាប់ទាំងខ្មែរគួរខ្លោចផ្សា
។
ខ្មែរប្រឹងធ្វើការប្រាថ្នាផល ធ្វើថ្នល់ផ្ទះពេទ្យធ្វើសាលា
ធ្វើកសិកម្មផងនានា នឹកថាស៊ីចុកទុកប្រើប្រាស់
។
ដល់ទមិឡចូលមកបកប្រែប្រាប់ ជឿស្លុងលង់ស្តាប់ចិត្តផ្ដេសផ្ដាស
បំផ្លាញទ្រព្យខ្លួនឲ្យវិនាស ត្រូវណាស់ដូច"ពស់ចង់ចំណី"
។
ដល់អីក៏អត់ខ្សត់ទាំងអស់ តើរស់ម្ដេចបានក្នុងលោកិយ
គង់ស្លាប់ដោយសារការឥតឆី ស្លាប់ដោយសម្ដេីគេបង្កាច់
។
គង់ស្លាប់ដោយគេខ្ចីដៃខ្មែរ ឲ្យសម្លាប់ខ្មែរជាឈាប់សាច់
ស្លាប់ដោយអស់ខ្យល់វល់ប្រកាច់ ស្លាប់ដាច់ទាំងជាតិពូជពង្សខម។
ស្លាប់បែបនេះឯងរែងអាប់យស ហៅ"ស្លាប់ដូចពស់"ព្រោះល្ងង់ព្រម
ទម្រាំដឹងខ្លួនសុខចិត្តញ៉ម ក៏ដល់ស្លាប់ល្មម
អស់ផ្លូវកែ ។
រីឯកង្កែបនៅអែបព្រែក សម្ងំធ្មេចភ្នែកដេកធ្វេសធ្វេ
ភ្លេចខ្លួនជួនភ្លាត់ចូលមាត់គេ ទើបលៀនភ្លែកត្លែហៅគេជួយ
។
អស់ឫទ្ធឥតកលទាល់ផ្លូវស្រាយ គ្មានមធ្យោបាយអ្វីណាមួយ
សង្ឃឹមសំណុំសុំជំនួយ ឥសីលៃជួយទើបបានរស់
។
ន័យនេះប្រៀបដូចជនឥតខ្លឹម ជួញចិត្តសង្ឃឹមគេទាំងអស់
មិនចេះសាងខ្លួនឲ្យខ្លាំងខ្ពស់ មានរូបនៅរស់តែសោះឫទ្ធិ
។
គ្មានមធ្យោបាយស្រាយបញ្ហា ផ្សងតាមវាសនាព្រេងអតីត
អាងព្រះ-ទេវតា-ព្រហ្មលិខិត ផ្ញើជន្មជីវិតនឹងជំនួយ
។
គំនិតខ្លួនឯងវង្វេងស៊ុង គ្មានចិត្តគិតប្រុងបារម្ភព្រួយ
មានទុក្ខទើបទួញយំរំអួយ ស្រែកលូរកឈ្មួយជួយអាសា
។
ទោះបីគេជួយឲ្យរស់រាន តែប្រាជ្ញបុរាណលោកប្រាប់ថា
រស់នេះចូលផ្លូវត្រូវតម្រា ចែងថា"រស់ដូចកង្កែប"ពិត
។
រស់នៅបែបនេះមិននឹងនួន រស់នៅតែខ្លួនគ្មានជីវិត
រស់នៅដោយសរគេអាណិត ដល់គេប្រែចិត្តពិតជាស្លាប់
។
មួយសោតដូចពេលបច្ចុប្បន្ន ស្រុកមានអាសន្នប្រែក្រឡាប់
ជាតិខ្មែរត្រូវខ្មោចយៀកមិញចាប់ មើលឃើញក្ដីស្លាប់យ៉ាងជាក់ស្ដែង។
ពីដើមពូជខមជាចមពល ធ្លាប់ច្បាំងរាំងជល់ឥតចេះក្រែង
ល្បីខាងលំនឹងពឹងខ្លួនឯង គេកោតស្ញប់ស្ញែងទាំងសកល។
ក្រោយមកចិត្តខ្មែរប្រែចាទន់ ចុះអន់ទន់អាប់ឥទ្ធិពល
ព្រោះដេកផ្អែកលើតែបុគ្គល ងងឹតងងល់ពុំយល់ផ្លូវ
។
អង្គុយតែស្មានថាគេខ្លាច ពូកែព្រាកប្រាជ្ញខ្លាចអស់ឪ
ដល់ទ័យគំនិតជិតម្រឹត្យូវ អាងផ្លាស់វាស់ផ្លូវទៅពឹងគេ
។
ត្រង់គោលលំនឹងពឹងខ្លួនឯង ពុំខ្វល់ចាត់ចែងបង្កើតទេ
មានអីដល់ចេះតែពឹងគេ គំនិតខ្លាចខ្លេកាន់តែខ្លាំង
។
ដល់ពេលអាសន្នគេជាន់ក ទើបមាត់ចំហត្រដរច្បាំង
តើធ្វើម្ដេចទៅផ្លូវតតាំង បើគ្មានកម្លាំងនឹងទប់ទល់
។
ដូច្នេះដើម្បីឲ្យបានរស់ រួចពីមាត់ពស់អស់រំបល់
ត្រូវតែពឹងរកឥទ្ធិពល សុំគេឲ្យផ្ដល់ផលជំនួយ
។
ទើបអាចបានរស់ហួសពីស្លាប់ ដោយសារតែភ័ព្វមានគេជួយ
តែរស់បែបនេះរិះរែងព្រួយ រស់ដោយគេជួយដូច"កង្កែប"
។
ហេតុនេះ
យើងត្រូវមានវិចារ មនសិការ
កុំគប់សេព
ត្រូវតែបារម្ភរឿងពស់លេប ក្រែងអាទិទេពជួយមិនទាន់
ខ្មែរបានរួចរស់មកប៉ុណ្ណេះ ឬុកដូចជាចេះកែគ្រប់គ្រាន់
តែបើមិនគិតទៀតឲ្យទាន់ ក្រែងជាន់ទូកលិចមុនដល់ត្រើយ។
ជំនួយគេជួយជាចំណូល ត្រូវតែប្រមូលអីចឹងហើយ
តែគួរកំភ្លេចខ្លួនសោះឡើយ កុំអាលលាត់សើយសើចចប្បាយ។
ត្រូវចេះជួយខ្លួនដោយខ្លួនឯង គឺក្នុងការបែងចែកចាត់ចាយ
រឿងណាសម្រាប់តែសប្បាយ មិនត្រូវចំណាយជាដាច់ខាត
។
ត្រូវកាត់ចំណង់ដែលចង់បាន ដែលពានប៉ះពារប្រយោជន៍ជាតិ
ធ្វើអ្វីលៃត្បិតរឹតឲ្យស្អាត ត្រូវយករឿងជាតិជាគោលកម្ម
។
ជំនួយជាភាក
វាជាផល គ្មានឫសគ្មានគល់ដូចចំណំ
តែត្រូវឲ្យចេះបណ្ដុះដាំ សាកផ្សាំដាំផ្សាយពូជជាថ្មី
។
ដូចជាស៊ីក្រូចគ្រាអភ័ព្យ ត្រូវលៃរុកគ្រាប់កាយកប់ដី
ស្រោយទឹកដាក់ជីថែឃ្មាតខ្មី គង់បានផ្លែឆីយល់សុំគេ
។
ការយកជំនួយមួយមកប្រើ បើយើងចេះធ្វើឲ្យផលទ្វេ
បណ្ដុះឫសគល់ទុកជាមេ ទើបគេពេញចិត្តរឹតតែជួយ
។
កាលណាយើងសាងមូលដ្ឋាន ជាគ្រឹះមាំបានក៏លែងព្រួយ
យើងអាចរស់នៅជាជាតិមយយ មិនបាច់គេជួយដូចកង្កែប
។
យោបល់បន្ថែម
ភាសិតភាសាពីព្រេងនាយ មានន័យបរិយាយតាមបទបែប
ខ្មែរយើងធ្លាប់ពោលពាក្យសង្ខេប ថា"ពស់ខំលេបកង្កែបខំរើ"
។
ជាពាក្យរបស់ពួកកវី លើកតួឥសីជាអ្នកប្រើ
ខ្ញុំអធិប្បាយដោយអន្លើ តាំងធ្វើជាអង្គប្រធានស្រាយ
។
ឃើញពិតហើយថាពស់ដែលស្លាប់ ព្រោះប្រាជ្ញាអាប់មិនយល់ឆ្ងាយ
ចំណីក្នុងមាត់ក៏អន្តរាយ តើរស់វែងឆ្ងាយទៅប៉ុន្មាន
។
បើចាប់បានហើយចេះតែបង់ មិនអាចឲ្យគង់គ្រប់គ្រាបាន
ប្រាកដជាត្រូវអន្តរធាន ក្សិណក្ស័យចែកឋានពុំខានឡើយ
។
រីឯកង្កែបឯបអបរស់ រួចពីមាត់ពសពិតមែនហើយ
តែរស់សោះឫទ្ធិឥតស្រួលឡើយ ព្រោះនៅបង្កើយនឹងក្ដីស្លាប់
។
ពេលនេះឥសីមកជួយទាន់ ចុះបើអាសន្នក្រោយអភ័ព្យ
គ្មានគេមកជួយឲ្យដូចធ្លាប់ គង់តែត្រូវងាប់ឆាប់មិនយូរ
។
តម្លៃជីវិតទាំងពីរហ្នឹង បើថ្លឹងនឹងគ្នាវាផ្លាស់ប្ដូរ
គឺស្លាប់អាប់យសមិនថ្លៃថ្នូរ រស់ក៏មិនយូរព្រោះគ្មានឫទ្ធិ
។
ហៅ"ស្លាប់ក៏ចាញ់
រស់ក៏ចាញ់" ចូលក្នុងសំណាញ់"ចាញ់គេ"ពិត
ដូចគ្នាប្រាកដអត់រខិត ជនជាតិបណ្ឌិតពិតជាយល់
។
ព្រោះហេតុហ្នឹងឯងទើបព្រេងព្រឹទ្ធ ពោលពាក្យភាសិតទុកទប់ទល់
រំឭកទូន្មានធ្យានយោបល់ ជាសព្ទសាកលដូច្នេះថា=។
“កុំស្លាប់ដូចពស់រស់ដូចកង្កែប គួរប្រឹងគប់សេពសិល្បវិជ្ជា
កុំបណ្ដោយតាមកម្មយថា កុំចាំវាសនាលើកបាយបញ្ចុក"
។
No comments:
Post a Comment