Monday, December 14, 2009

> វាសនាបុប្ផាបីទង (វគ្គទី២)

តាមផ្លូវពីក្បាលថ្នល់ទៅភូមិសំបុកចាបសំណង់អាណាធិបតេយ្យ រំដួលព្យាយាមចំណាំផ្លូវនិងពិនិ-ត្យស្លាកដាក់តាមផ្លូវមិនដាច់តាមការណែនាំរបស់មីងយ៉ុន...
នៅភូមិសំបុកចាប រំដួលស្នាក់នៅជាមួយមីងហយ, មីងហយមានផ្ទះតូចមួយសង់ពីឈើជាប់នឹងដី ដំបូលប្រក់ស្បូវ ជញ្ជាំងរហែកជ្រុះដោយកន្លែងៗ... មកដល់ទីក្រុងនេះបានពីរថ្ងៃនាងមានការងារធ្វើនៅហាងអាហារមួយកន្លែងនៅខាងក្រោយផ្សារទំនើបសុរិយា។ ការងាររបស់រំដួលទទួលប្រាក់បានតិចតូចល្មមគ្រាន់ចិញ្ចឹមក្រពះខ្លួនឯង និងជួយបន្តិចបន្តួចដល់ជីវភាពរបស់ប្អូនតូចៗដែលនាងស្នាក់នៅជាមួយប៉ុណ្ណោះ... រៀងរាល់ព្រឹកក្មេងតូចទាំងពីរអ្នកបងប្អូនត្រូវម្តាយដេញឱ្យទៅសូមទានតាមចំណតរថយន្ត និងហាងលក់បាយក្នុងទីក្រុង... ចំណែកពូកយរកស៊ីធាក់ស៊ីក្លូគ្រាន់បានប្រាក់មកទិញអង្ករច្រកឆ្នាំង និងផឹកស្រាថ្នាំ រីឯមីងហយក្រៅពីអង្គុយអ៊ុតទឹកក្រហមហើយមកដល់ផ្ទះជេរប្រទេចប្តី និងវាយដំកូនគឺគ្មានការងារអ្វីធំដុំទេ។ ថ្ងៃណាកូនទាំងពីររកបានប្រាក់គាត់សប្បាយ ថ្ងៃណារកមិនបានក៏វាយធ្វើបាបបង្អត់បាយមិនអោយចូលផ្ទះ។ កូនៗរបស់គាត់គ្មានឱកាសបានចូលរៀនដូចក្មេងៗដ៏ទៃទៀតទេ ពីមួយថ្ងៃទៅមួយថ្ងៃពួកគេដើរតត្រុកតាមទីប្រជុំជន ខោអាវរហែក ក្អែលរុំដុះផ្សិត បានប្រាក់ពីស្មូមន្តិចបន្តួចយកទៅទិញកាវមកហិត... គេពេញចិត្តម្យ៉ាងដែរនៅពេលដែលឪម៉ែឱ្យទៅរកលុយនោះព្រោះមានឱកាសបានប្រាក់ទិញគ្រឿងញៀនកាវមកហិត ពេលពួកគេវិលដល់ជម្រកឮតែសំលេងឈ្លោះប្រកែកវាយដំច្រំធាក់របស់ឪម៉ែពួកគេ មិនថាតែគ្រួសាររបស់ពូកយមីងហយទេដែលមានសភាពបែបនេះ គឺស្ទើរគ្រប់គ្រួសារទាំងអស់ក្នុងតំបន់សំណង់សំបុកចាបនេះស្ថិតក្នុងករណីខាងលើ។ ខ្ទមខ្លះនាំគ្នាផឹកស្រា ខ្ទមខ្លះវាយតប់គ្នាប្តីប្រពន្ធ ខ្ទមខ្លះទៀតលេងល្បែងស៊ីសង រឿងដែលគួរអោយចាប់អារម្មណ៍មែនទែននោះគឺមានអំពើអនាចារ លក់ដូរប្រវេណីទៀតផង។
សភាពច្របូកច្របល់គ្មានសណ្តាប់ធ្នាប់ខ្វះការអប់រំ មានតែអំពើហិង្សាជេរប្រទេច គ្មានស្គាល់តម្លៃមនុស្សដូចនេះបានធ្វើឱ្យរំដួលទ្រាំរស់នៅមិនបាន មានថ្ងៃខ្លះមានប្រុសៗមកតថ្លៃ ណាមួយប្រាក់ខែក៏តិចបើកបានបន្តិចបន្តួចត្រូវមីងខ្វេះយកទៅអ៊ុតមេទៀត... ពេលយប់គេងបិទភ្នែកមិនជិតទេព្រោះខ្លាចពួកអ្នកលេងលបចូលផ្ទះ... ការងារពីមួយថ្ងៃទៅមួយថ្ងៃចេះតេយប់ជ្រៅៗ។ រាល់ថ្ងៃពេលចេញពីធ្វើការនាងតែងដើរមកវិមាននរករបស់ម្តាយមីង ដែលរុំព័ទ្ធទៅដោយគំនរសម្រាមស្អុយគគ្រុក...មានយប់ខ្លះរហូតដល់ម៉ោង២៣, ២៤ អធ្រាត្រក៏មាន បើពូមិនស្រវឹងពូក៏ទៅទទួល យប់ខ្លះពូស្រវឹង ឬត្រូវមីងវាយក៏មិនបានទៅទទួល ដើរមកផ្ទះដោយខ្លួនឯង។
ហេតុការណ៍ដែលនឹកស្មានមិនដល់ក៏កើតឡើងនៅយប់មួយនោះ ក្រោយពេលចេញពីធ្វើការងារប៉ុន្មានម៉ោង២៣យប់ រំដួលដើរម្នាក់ឯងតាមដងផ្លូវកាត់តាមផ្សារកណ្តាលមកភូមិសំបុកចាប នាងព្រឺឆ្អឹងខ្នងពេលដែលឮសម្លេងម៉ូតូរបស់ពួកក្មេងស្ទាវបង្ហោះពីក្រោយ នាងក៏គេចចូលតាមឌឿងហែមតូចមួយតែត្រូវពួកវាឃើញទាន់...
“អ្ហេ!ពួកយើង...! មានស្រីដើរចូលតាមផ្លូវនេះ... យប់នេះច្បាស់ជាផ្អែមមាត់ហើយ” អាម្នាក់ទៀតនិយាយចេញមក។
“រាងស្វែលផោះគេ... សង្ស័យក្តាមស្រែទេហ្វើយ...! ”
អាស្ទាវទាំងបួនអ្នកបត់ម៉ូតូចូលទៅតាមរំដួល, នាងភ័យព្រលឹងចុងសក់ខ្លួនស្រីញ័រដូចបក្សីត្រូវទឹកភ្លៀងអញ្ចឹង...
“អ្ហែ! អូនសម្លាញ់...! ទៅណាមកណា មក៍ទៅជាមួយបងទៅណា...! បងនឹងនាំអូនឡើងឋានសួគ៌!” ម៉ូតូពួកវាមួយគ្រឿងទៀតជិះហូសទៅ ហើយក៏បត់ក្បាលត្រលប់ក្រោយ បញ្ចាំងភ្លើងហ្វាដាក់នារីកូនចៀមដ៏តូចល្អិតនេះកំពុងធ្លាក់ក្នុងចង្កូមរាជសី, ស្រីតូចរត់មិនរួចព្រោះពន្លឺហ្វាទោចក្រយានយន្តធ្វើឱ្យនាងស្រវាំងភ្នែកមើលមិនយល់ មានតែស្រែកហៅអោយគេជួយ។ អាពីរនាក់ជិះពីក្រោយក៏លោតចុះពីម៉ូតូហើយចាប់នាងអោបរិតផ្តេករាងកាយដែលល្វតល្វន់មិនធ្លាប់មានបុរសណាប៉ះនោះទៅលើជញ្ជាំងរបងថ្ម បំរុងនឹងក្រញី តែត្រូវក្រុមកងរាជអាវុធហត្ថល្បាតតាមដងផ្លូវមកទាន់ក្របូចកពួកវាទៅញាត់គុកបាត់អស់ទៅ។
ហេតុការណ៍ដ៏អាក្រក់ដែលរំដួលបានជួបនារាត្រីនោះបានកន្លងផុតទៅ។ ក្រោយមករំដួលត្រូវភ្នាក់ងារជួយសង្គ្រោះកុមារ និងស្រ្តីងាយរងគ្រោះសើបសួរ ហើយទទួលយកទៅបណ្តុះបណ្តាលវិជ្ជាជីវៈ... បីខែក្រោយពីបានបង្ហាត់បង្រៀន ស្រោចទឹកអោយរីកស្រស់ឡើងវិញមក បុប្ផាផ្កាខ្មែរ រំដួលត្រូវបានជ្រើសរើសអោយទៅធ្វើការនៅព្រះរាជាណាចក្រថៃ តាមរយៈក្រុមហ៊ុនស្វែងរកការងារមួយដែលមានទីស្នាក់ការនៅរាជធានីភ្នំពេញ។
.............................

ជីវិតថ្មីនៅលើទឹកដីដ៏ធំធេងស៊ីវិល័យទំនើបនេះធ្វើអោយរំដួលមានអារម្មណ៍ថាខ្លួនបានមករស់នៅក្នុងភពមួយផ្សេងទៀត ផ្ទុយស្រឡះពីភូមិសំបុកចាបរបស់នាងដែលត្រូវព្រះអគ្គីលេបត្របាក់មុនពេលនាងមកដល់់ទីនេះ។ តែទោះជាលោកខាងក្រៅកំពុងទំពារលេបយកភាពស្រគត់ស្រគំ អូសកនាងអោយបង្វែរទៅទទួលអរិយធម៌អាស៊ីបែបអឺរ៉ុបយ៉ាងណាក៏ដោយនាងនៅតែជានារីខ្មែរម្នាក់ដែលថែរក្សាចរឹតលក្ខណៈជាខ្មែរបានយ៉ាងខ្ជាប់ខ្ជួន។ រំដួលធ្វើការនៅរោងចក្រតម្បាញសូត្រមួយកន្លែងនៅក្រុងទេពមហានគរ(បាងកក, ប្រទេសថៃ)។
ការងារដែលធ្វើ និងប្រាក់ខែដែលទទួលបានគ្មានតុល្យភាពគ្នាសោះ។ ពីមួយថ្ងៃទៅមួយថ្ងៃនាងមានការលំបាកទៅៗ ព្រោះតែការសម្របជីវិតថ្មីទៅនឹងបែបផែនជីវិតដ៏ស៊ីវិល័យរបស់ប្រជារាស្រ្តថៃ។ឆ្លៀតឱកាសទំនេរពីការងារនាងសន្សំប្រាក់ទៅរៀននៅសាលាឯកជនមួកន្លែង ព្រោះថាបើនាងមិនបានជ្រើសរើសយកការសិក្សាជាចម្បងទេនោះ នាងនឹងគ្មានអ្វីទាំងអស់នៅពេលដែលចប់កិច្ចសន្យាការងារត្រលប់មកស្រុកកំណើតវិញនៅរយៈពេលប្រាំឆ្នាំក្រោយ។
ជីវិតម្ង៉ៃក្តៅម្ង៉ៃត្រជាក់របបស់នាងបានកន្លងទៅជាប្រក្រតី។ បីខែម្តងក្រុមការងាររបស់ក្រុមហ៊ុនមកសួរសុខទុក្ខ និងផ្តល់ដំណឹងផ្សេងៗពីគ្រួសារ... ថ្ងៃនេះជាថ្ងៃដែលបុប្ផាដ៏ក្រអូបស្រទន់ល្វតល្វន់ដូចអប្សរាអង្គរខ្មែរត្រូវបង្ហូរជលនេត្រនៅលើទឹកដីនៃប្រទេសទីទៃ ក្រោយពេលអានសំបុត្ររបស់មីងយ៉ុនចប់ឪពុកមាដែលពិការនៅឯស្រុកលង់ទឹកស្លាប់។ នាងបន្ទោសខ្លួនឯងដែលគ្មានឱកាសបានថែរក្សាអ្នកមានគុណទីពីររបស់នាង, សំនៀងខ្សឹបខ្សូលគួរឱ្យអនិច្ចារនេះបានអូសបន្លាយជាច្រើនថ្ងៃទើបរសាយ។
..................

ល្ងាចមួយក្រោយពីចេញពីមហាវិទ្យាល័យមក រំដួលធ្វើដំណើរតាមដងវិថីសុខុនវិទ ឆ្ពោះមកផ្ទះជួល។ ក្រោមរស្មីបំភ្លឺតាមសងខាងផ្លូវ នាងឃើញគូស្នេហ៍ទាំងគូៗដឹកដៃគ្នាចូលរង្គសាល វាផ្ទុយស្រឡះពីនាង ដែលបេះដូងទទេរស្អាតនោះទៅវិញ... នាងរអ៊ូតិចៗតែម្នាក់ឯង៖
“ប្រសិនបើខ្លួនធ្លាក់ក្នុងនរកនៃស្នេហ៍គ្មានព្រំដែនដូចពួកគេទាំងនោះបែបប្រហែលជាគ្មានថ្ងៃនេះទេមើល៍ទៅ” រំដួលនិយាយតិចៗជាមួយទឹកមុខញញឹមដូចជាចង់អស់សំនើចនឹងអ្វីម្យ៉ាងក៏មិនដឹង...
ល្មមមកដល់ផ្លូវបែកកាច់ទៅកាន់សយ(ផ្លូវតូចៗបំបែកពីផ្លូវធំ) ចូលផ្ទះជួល មាណវីនាងចំលែកក្នុងចិត្តនឹងរថយន្តតាក់ស៊ីមួយគ្រឿងចតស្ងៀម លេចនារីម្នាក់ចេញមកគឺជួនពេលមេឃពេលនោះរលឹមមកតិចៗផង រំដួលថ្លោះឆ័ត្រឡើងទទូរភ្លៀងឈរក្លំសកម្មភាពរបស់នារីម្នាក់នោះ។ ប្រុសម្នាក់បណ្តេញនាងចុះពីរថយន្ត នាងឈរឱបដៃហាលភ្លៀងខ្លួនប្រាណញ័រចំប្រ៉ប់ យំខ្សឹកខ្សួល រំដួលក៏សម្រេចចិត្តចូលទៅអោយជិតស្រ្តីរងគ្រោះនោះរួចសួរទៅកាន់ស្រ្តីដែលមិនស្គាល់ឈ្មោះថ្នមៗ ជាភាសាថៃ
“សៈវ៉ាត់ឌីគៈ! មានរឿងអ្វីកើតឡើងអ្នកនាង អោយខ្ញុំជួយបានទេ?”
នាងតូចក្នុងសភាពទទឹកជោគពេញខ្លួនងើបមុខឡើងមើលម្ចាស់សំលេងហើយតបសំនួរទាំងបបូរមាត់ញ័រទទាក់ៈ
“ខ្ញុំត្រូវសង្សារវាយ ដេញចុះពីរថយន្ត ហើយគេបើកហូសទៅ” នាងយកដៃស្វិតក្រញីវញ័ររកកាន់អ្វីមិនជាប់នោះខ្ទប់មុខដែលជោកជាំដោយដំណក់ទឹកភ្លៀង និងទឹកភ្នែក លត់ជង្គង់ស្រែកទ្រហោយំ រួចក្រោកឡើងមកអោបរំដួល។
“អ្នកបងចាស៎! ជួយខ្ញុំផង! ខ្ញុំគ្មានអ្វីទាំងអស់ ខ្ញុំមិនអាចវិលទៅរកពួកគេបានទៀតទេ!”
ឃើញការអង្វរករគួរអោយខ្លោចផ្សាបែបនេះ ហើយម្យ៉ាងខ្លួនធ្លាប់រងគ្រោះផងនោះ រំដួលយកដៃអង្អែលក្បាលនារីរងគ្រោះមិនស្គាល់ឈ្មោះម្នាក់នោះថ្នមៗ ៖
“មិនថ្វីទេ...អ្នកនាងមានរឿងអ្វី? ទៅនិយាយគ្នានៅផ្ទះខ្ញុំដ៏បាន!តោះយប់កាន់តែជ្រៅហើយណា!”
ផ្ទះជួលរបស់រំដួលនៅ សយអននុជ៤៥, វិថីសុខុនវិទ៧៧, ខេត្តសួនហ្លូង, តំបន់សួនហ្លូង, ក្រុងទេពមហានគរ។ រំដួលគ្រានារីមិនទាន់ស្គាល់ឈ្មោះចូលផ្ទះផ្លាស់សម្លៀកបំពាក់ ព្រោះតែសេចក្តីឈឺចាប់ និងហត់នឿយនាងក៏គេងលក់ដោយមិនបានជជែកវាយញែកជាមួយម្ចាស់ផ្ទះសូម្បីតែមួយម៉ាត់។
ស្អែកឡើងថ្ងៃថ្មីនាងក្រោកដឹងខ្លួនឡើង ប្រញាប់ប្រញាល់ទៅចេញពីផ្ទះរំដួល...
“ខបគុណ! អ្នកនាងខ្លាំងណាស់ដែលជួយយកអាសាររូបខ្ញុំ ដូចជារំខានអ្នកបងច្រើនពេកហើយ សូមលាសិនហើយ” ឮសម្លេងថាលាភ្លាម រំដួលបើកភ្នែកធំៗងាកមករកម្ចាស់សំលេង
“ហ្អេ! ក្រោកហើយមែនទេអ្នកនាង... យប់មិញងាយលក់ស្រួលទេ? សូមទោសណា៎ខ្ញុំមិនបានរៀបចំកន្លែងគួរសមសម្រាប់នាង ព្រោះមិនធ្លាប់មានមិត្តមកសម្រាកជាមួយ” រំដួលនិយាយព្រមទាំងទាញដៃអោយអង្គុយចុះលើសាឡុងកន្លែងទទួលភ្ញៀវ៖
“មក៏! អង្គុយចុះសិនមកកុំប្រញាប់ទៅអី... អត់ទោសអោយខ្ញុំបានស្គល់ឈ្មោះអ្នកនាងផងបានទេ?” ស្រីតូចញញឹមតូចស្ងួត៖
“មែនហើយប្អូនភ្លេចជំរាបអ្នកបង! នាងខ្ញុំឈ្មោះចំប៉ា, ជាជនជាតិលាវ ខ្ញុំមករស់នៅក្រុងទេពនេះ
រយៈពេលបីឆ្នាំហើយ... ចុះអ្នកបងឈ្មោះអ្វីដែរអោយប្អូនសូមស្គាល់ និងរាប់អានអ្នកបងផងបានទេ?”
ចំប៉ានិយាយចេញមកទាំងទឹកមុខក្រៀមក្រម។ រំដួលមើលមុខចំប៉ាដោយក្តីអាណិតហើយតបដោយវាចាស្រាលសណ្តោសដូចជាបងស្រីលោមប្អូនស្រីពៅបង្កើតរបស់ខ្លួន៖
“មិនជាអ្វីទេចំប៉ា... ខ្ញុំឈ្មោះរំដួល ខ្ញុំក៏មិនមែនជាជនជាតិថៃដូចជា ចំប៉ាអញ្ចឹងដែរបងទើបតែមករស់នៅទីនេះបានជាងពីរឆ្នាំប៉ុណ្ណោះ” ចំប៉ានាងមានអារម្មណ៍ងឿងឆ្ងល់ចំពោះចម្លើយរបស់គូសន្ទនា នឹកក្នុងចិត្តថាប្រហែលជារំដួលធ្លាក់ក្នុងប្រភេទនារីដូចជានាងដែរ ក៏បន្តសំនួរដើម្បីបញ្ចប់សេចក្តីមន្ទិលក្នុងចិត្តរបស់នាង៖
“ចុះអ្នកបងមកទីនេះដោយសារអ្វីដែរ...បងមកធ្វើការមែនទេ?”
“អត់ទេ! ខ្ញុំមកទីនេះក្នុងកិច្ចសន្យាការងាររយៈពេល៥ឆ្នាំ...តាមរយៈក្រុមហ៊ុនស្វែងរកការងាររបស់ថៃប្រចាំនៅស្រុកខ្មែរ” ចំប៉ាភ្លឺភ្នែកបន្តិចតែទឹកមុខនៅស្រងូតស្រងាត់នៅឡើយ។ ចំណែករំដួលងាកមកចំមុខចំប៉ាហើយយកដៃផ្អឹបលើដៃចំប៉ាថ្នមៗ
“ចំនែកចំប៉ាវិញ សព្វថ្ងៃធ្វើការ និងរស់នៅកន្លែងណាដែរ” សំនួរនេះធ្វើឱ្យចំប៉ា ស្រឡាំងកាំងឈរស្ងៀមឈឹងស្ទើរដាច់ដង្ហើម មិនចេញស្តី... សំនួរដដែលបន្លឺសារជាថ្មីម្តងទៀត៖
“អ្នកនាងរស់នៅឯណាដែរ?... សូមទោសណា៎ ដែលខ្ញុំប្រើសនួរនេះចំពោះអ្នកនាង... បើពិបាកឆ្លើយក៏មិនជាអ្វីដែរ...” ចំប៉ាភ្ញាក់ខ្លួនព្រើត... អត់ទោសអ្នកបង...!!!
“ហ្អឺ...! អ្នកបង...ចំពោះរឿងរ៉ាវរបស់ប្អូនវែងឆ្ងាយណាស់... វាជារឿងរ៉ាវមួយដែលប្អូនគិតថា មានស្ត្រីលាវតិចណាស់ដែលធ្លាក់ក្នុងករណីដូចជារូបខ្ញុំ... ដោយសារតែអំណាចមាសប្រាក់លុយកាក់ឡានឮវីឡា ធ្វើអោយគ្រួសារមួយដែលធ្លាប់តែមានភាពកក់ក្តៅ សុខុដុមរមនា ម្តាយឪពុកកូនស្រីនោះ កើតមានអំពើហិង្សា បែកបាក់ព្រាត់ប្រាស់ កូនៗគ្មានការសិក្សាអប់រំពីសំណាក់ឪពុកម្តាយ... ពេលនោះប្អូនចេញពីស្រុកកំណើតសុវណ្ណខេត្ត ឆ្នាំ២០០៣ មកសិក្សានៅមហាវិទ្យាល័យជាតិឡាវ ទីក្រុងវៀងច័ន្ទន៍។ ការសិក្សារបស់ខ្ញុំប្រព្រឹត្តទៅជាប្រក្រតី ស្ថិតនៅក្រោមការឧបត្ថម្ភពីឳពុកម្តាយមិនដែលខ្វះខាត... មកដល់ចុងឆ្នាំ២០០៤ ឪពុករបស់ប្អូនមានប្រពន្ធថ្មី ដើរបាត់ៗពីផ្ទះការងាររកស៊ីក៏ចុះស្រករហូតជំពាក់ធនាគារដោះមិនរួច ពេលចូលផ្ទះមានតែការជេរប្រទេចវាយតប់គ្នាគ្មានលោះថ្ងៃ... ក្រោយមក
ម្តាយខ្ញុំចេះហូបគ្រឿងស្រវឹងមានប្រុសថ្មី... អ្នកទាំងពីរមិនបានចូលផ្ទះទៀតទេ ខាងធនាគារក៏រឹបអូសយកផ្ទះរបស់ខ្ញុំទៅ...ប្រុសស្នេហ៍របស់ម្តាយខ្ញុំបោះបង់គាត់ចោល ម្តាយខ្ញុំធ្លាក់ខ្លួនជាមនុស្សរស់នៅតាមចិញ្ចើមផ្លូវ... កាកសំណល់អាហារតាមទីផ្សារជាអាហារដ៏ឆ្ងាញ់ប្រចាំថ្ងៃរបស់គាត់ ពីគ្រានោះមកខ្ញុំបាត់ម្តាយមិនដឹងថាគាត់រស់នៅទីណាទេពេលនេះ...ហ៊ឺ...!!!អ៊ឺ...ហ៊ឺ...!” ចំប៉ារៀបរាប់អតីតកាលដ៏ជូរចត់របស់គ្រួសារនាងចេញមកធ្វើអោយរំដួលទប់ទឹកភ្នែកមិនបាន៖ (អានតវគ្គទី៣ សប្តាហ៍ក្រោយ)

No comments: