Wednesday, December 2, 2009

> វាសនាបុប្ផាបីទង (វគ្គទី១)

វាសនាបុប្ផាបីទង
ឡឹក ជំនោរ
ព្រះសុរិយាបន្ទាបខ្លួនបន្តិចម្តងៗសំដៅទ្រនុំឯបស្ចិមទិស... នៅសល់តែរស្មីព័ណ៌មាសប៉ុណ្ណោះលាបស្រោបនភាល័យ។ កាំរស្មីដ៏ឆ្អិនឆ្អៅ នេះកំពុងចុះស្រទន់បន្តិចម្តងៗ ទៅតាមទំនោរនៃច្បាប់ធម្មជាតិ។ ពន្លឺចុងក្រោយចាំងច្រាលមកលើផ្ទៃជលសារនៃរដូវទឹកនាចផ្សំជាមួយនឹងផ្នត់ទឹក រលកអង្កាញ់តូចៗដោយអំណាចមូសុងនិរតីផងនោះបង្កើតជារស្មីព្រិចៗ មើលទៅប្រៀបបានទៅនឹងផ្ទៃដ៏ធំល្វឹងល្វើយព្រោះដោយគ្រាប់ពេជ្រចរណៃ។ មិនយូរប៉ុន្មានសោភ័ណភាពដ៏គួរអោយគយគន់ទាំងនេះក៏ជំនួសដោយស្បៃអន្ធការនៃរាត្រីដ៏ស្ងាត់ជ្រងំ។មនុស្សម្នាផងទាំងពួងដែលមកស្រូបយកខ្យល់ អាកាសបរិសុទ្ធនៅទីកំសាន្តចុងប៉មនេះក៏ចាប់ផ្តើមត្រលប់ទៅលំនៅដ្ឋានរៀងៗខ្លួន ទុកចោលរមណីយដ្ឋានដ៏ស្រស់ត្រកាលនៅ ជាមួយសំលេងទឹក រលកតូចៗ បោកផ្ទប់នឹងច្រាំងថ្មដែលរៀបជាកាំជណ្តើរជាមិត្តរួមកំដរ។ អំពូលពងមាន់ព័ណ៌ក្រហមថ្លែៗ ជះពន្លឺស្រាលស្រទន់បំភ្លឺបរិវេណកំសាន្ត និងច្រាំងទន្លេ។ នៅក្បែរម្ខាងច្រាំង លេចស្រមោលយុវតីម្នាក់អង្គុយឱបក្បាលជង្គង់ ខ្សែនេត្រាទាំងគូបាញ់ឆ្ពោះទៅពន្លឺ ភ្លើងស្ថិតនៅឯត្រើយ ម្ខាងទន្លេដ៏ ល្វឹងល្វើយប្រៀបដូចលំហាចមហាសាគរ។ មាណវី មានមុខពងក្រពើ សក់វែងប៉ប្រះលើស្មា រាងស្រលូនទន់ភ្លន់ ទឹកមុខស្រពាប់ស្រពោន ហាក់បីដូច ជាមានវិបត្តិអ្វីម្យ៉ាងដែលធ្វើឱ្យនាងគិត...
រំដួលជាកូនស្រីទោលរបស់ពូព្រីងនិងមីងស្រអែម ជាកសិករនៅភូមិដូនរឿន ស្រុកព្រៃវែងខេត្តព្រៃវែង។ ក្រោយពេល ឪពុកម្តាយបានលាចាកលោកនេះ ទៅរំដួលត្រូវបានគ្រួសារម្តាយមីងទទួលយកទៅចិញ្ចឹម។ មីងយ៉ុនមានកូននៅក្នុងបន្ទុកទាំងអស់បាំ្របីនាក់.. ព្រោះតែការខ្វះខាតក្នុងជីវភាព កូនៗទាំងអស់មិនបានទៅសិក្សាអោយបានចប់ចុងចប់ដើមទេ។ ជីវភាពដុនដាបខ្វះខាតជាអន្លើៗ អ្នកមីងរំពឹងតែផលដែលបានមកពីការងារស្រែចម្ការ និងនេសាទបន្តិចបន្តួចប៉ុណ្ណោះ។ ពេលនេះប្តីរបស់មីងយ៉ុនធ្លាក់ខ្លួនឈឺដេកដូលនៅលើកន្ទេល វង្វេងវង្វាន់ដោយសារគាត់ទៅកាប់ ដើមឈើដែលអ្នក ស្រុកមានជំនឿវាមានម្ចាស់ថែរក្សាលើទួលអស់លោក នៅភាគខាងត្បូងទីរួមខេត្តព្រៃវែង។ ក្រោយពេលស្វាមីធ្លាក់ខ្លួនពិការបែបនេះ ភារកិច្ចចិញ្ចឹមបី បាច់ថែរក្សាបុត្រធីតាទាំងស្រុងស្ថិតក្នុងបន្ទុករបស់មីងជាអ្នកទទួលរ៉ាប់រងតែម្នាក់ ហើយពេលនេះមីងនៅមានក្មួយស្រីម្នាក់បន្ថែមទៀត។ កូនប្រុសច្បង របស់មីងពីរនាក់កំពុងធ្វើជាកម្មករសំណង់នៅភ្នំពេញទាំងក្មេងខ្ចី។ ពួកគេទាំងពីរទៅភ្នំពេញជាងមួយឆ្នាំហើយមិនសូវផ្តល់ដំណឹងមកស្រុកទេ ដំណឹងចុង ក្រោយរបស់ពួកគេគឺត្រូវប៉ូលិសចាប់ញាត់គុកដើម្បីបន្សាបគ្រឿងញៀនស្រវឹង។ ដំណឹងនេះធ្វើឱ្យអ្នកមីងធ្លាក់ក្នុងរណ្តៅទុក្ខ នៃទឹកនេត្រាយ៉ាងសែន ទារុណរាល់រាត្រី មិនដឹងថាកូនប្រុសតូចជំទង់ៗរបស់មីងដេកពួន ហូបចុកយ៉ាងម៉េចទេ ណាមួយបារម្ភពីសុខភាពប្តីគ្មានប្រាក់ទិញថ្នាំព្យាបាល ម៉្យាងស្រូវ ប្រាំងឆ្នាំនេះត្រូវទឹកឡើងលិចច្រូវកាត់មិនទាន់ទៀត...
សាយ័ណ្ណល្ងាចនេះរំដួលក៏ជាអ្នកទេសចរម្នាក់ក្នុងចំណោមមនុស្សម្នាក់ដែលមកស្រូបខ្យល់អាកាសនៅទីកំសាន្តចុងប៉មនេះ។ ធម្មតាមនុស្សមកដើរ កំសាន្តតែងតែចង់ទទួលការសប្បាយរីករាយលំហែរខួរក្បាលអោយស្រស់ស្រាយ ផ្ទុយស្រឡះពីរំដួល នាងអង្គុយឱបក្បាលជង្គង់ ត្រមង់ត្រមោចតែ ម្នាក់ឯងគ្មានព្រលឹងក្នុងខ្លួន គ្មានទិសដៅពិតប្រាដក នាងគិតដល់ឪពុកម្តាយដែលខំបីបាច់ថែរក្សា ឥឡូវខ្លួនមិនបានសងគុណ គិតដល់ថ្ងៃស្អែកនឹងមាន អ្វីកើតឡើងចំពោះជីវិតរបស់នាង។
“ស្អែកនេះខ្ញុំនឹងឃ្លាតឆ្ងាយពីទីកន្លែងនេះហើយ ឃ្លាតចាកឆ្ងាយភូមិកំណើត ចាកឆ្ងាយទេសភាពដ៏ត្រកាលនេះហើយ... តើទីក្រុងដ៏ធំនោះមានអ្វី ខ្លះទៅ? តើការងារអ្វីដែលអាចជួយសម្រួលជីភាពគ្រួសារខ្ញុំបាន? ˝ ក្រោយពេលអង្គុយនិយាយរអ៊ូតិចៗ ម្នាក់ឯងមួយសន្ទុះក្រោយមកមាណវី ក៏ឡើងជិះទោចក្រយានចេញទៅ។​ រាត្រីដ៏សែនអ៊ូអាប់របស់រំដួលក៏បានកន្លងហូសទៅ ដោយនិទ្រាបិទភ្នែកមិនជិត! រំដួលគិតដល់ការ សិក្សាបន្ត។ នាងទើបតែបញ្ចប់ថ្នាក់ទី១២ថ្មីៗផង ចង់រៀនបន្តក៏គ្មានលទ្ធភាព ហើយដំណើរស្វែងរកការងារធ្វើទៀតសោតក៏នៅមិនទាន់ដឹងថានឹងធ្វើអ្វីបាន បើចំណេះ​ដឹងមិនដល់ផងនោះ។ មិនយូរប៉ុន្មានសម្លេងមាន់រងាវក៏បន្លឺឡើងជាបទវែងៗបីដងជាសញ្ញាបញ្ជាក់អោយដឹងថា ទិវាថ្មីរបស់សត្តនិករនៅ​លើភពផែនដី​នេះបានមកដល់ហើយ។ សំរាប់រំដួលថ្ងៃនេះជាថ្ងៃមួយដែលនាងមិនធ្លាប់បានគិតពីមុនមក ព្រោះជាថ្ងៃដែលនាងត្រូវចាប់​ផ្តើមជីវិតថ្មីមួយនៅកណ្តាល​ទីក្រុងដ៏សែនធំទំនើបស៊ីវិល័យ ដែលមនុស្សភាគច្រើនតែងគិតថាជាឋានសួគ៌លោកីយ៍ ម្យ៉ាងទៀតជាកន្លែងដែលនាងមិនធ្លាប់ស្គាល់ពីមុនមក...
“រំដួល...រំដួល...!ក្រោកឡើងក្មួយ រៀបចំខ្លួនប្រាណបន្តិចទៀតមីងជូនទៅឡើងឡាន” មីងយ៉ុនស្រែកដាស់រំដួលពីក្រោមផ្ទះ។
“ចាស៎! អ្នកមីងខ្ញុំរៀបចំអស់ហើយ”
ប្រមាណ២០នាទីក្រោយមករថយន្តទូរីស៍មួយគ្រឿងក៏មកចតនៅមុខគេហដ្ឋានសង់ផុតពីដីមួយខ្នងដែលជាផ្ទះឈើសង់បែបបុរាណ ដំបូលប្រក់ក្បឿង វាជាកេរមរតកចុងក្រោយរបស់ឪពុកមីងយ៉ុនតាជីរំដួលនេះឯង។
“ចុះមក៍ក្មួយ កុំឱ្យឡានគេចាំ!” មីងយ៉ុនតឿនរំដួលអោយប្រញាប់។
“អាក្រួច, កាដឹប... បងលាហើយណា៎ អ្នកមីងក្មួយលាសិនហើយ”‍ រំដួលអង្អែលក្បាលប្អូនៗលាហើយក្រាបប្រណមមីងយ៉ុនលាទាំងអាល័យ ជលនេត្រលង់លិចផែនថ្ពល់ស្រស់ខ្ចីដូចថ្ពល់នាងទាវនៅក្នុងម្លប់ នាងឈានជើងឡើងលើរថយន្តសន្សឹមៗ...
“អើ! ទៅចុះណាក្មួយថែរក្សាខ្លួនផង! បើមានរឿងអ្វីផ្តល់ដំណឹងមកផ្ទះផង ហើយកុំភ្លេចអោយម៉ូតូឌុបជូនទៅរកមីងហយនៅភូមិសំបុកចាបណា៎”
“ចាស៎មីង...អាក្រូច ក្តិប មើលថែលោកពូផង...!”
មីងយ៉ុនផ្តាំផ្ញើព្រមទាំងរាដៃលាក្មួយស្រីទាំងក្តីសោកស្រណោះ ព្រោះយល់ថារំដួលនាងមិនទាន់ស្គាល់ទីក្រុងភ្នំភេញនៅឡើយ ក្តីព្រួយបារម្ភរបស់មីងបាន​រលាយភាយសាយទៅបន្តិចម្តងៗនៅពេលដែលគិតថា រំដួលក៏នៅមានមីងបង្កើតម្នាក់ទៀតរស់នៅភ្នំពេញ យ៉ាងម៉េចម្តេចម្តាមីងហយក៏មិន​មើលក្មួយ​បង្កើតរបស់ខ្លួននឹងភ្នែកដែរ។

តាមកំណាត់ផ្លូវជាតិ ព្រៃវែងទៅអ្នកលឿង រំដួលអង្គុយលើរថយន្តទឹកមុខស្រងូតស្រងាត់ ដំណក់ទឹកថ្លាមូលៗរមៀលកាត់ថ្ពល់​នាងសារជាថ្មីទៀត​ហើយ, ភ្នែកសំលឹងទៅវែលស្រែនៅតាមដងផ្លូវ ដែលគ្របដណ្តប់ទៅដោយជលសារសែនធំល្វឹងល្វើយគ្មានកោះត្រើយ កេសាវែងអន្លាយ ពេលត្រូវជំនោរបក់បោកមក ផ្សំជាមួយល្បឿនរថ ប្រៀបដូចម្រាមដៃដ៏ស្រលូនគ្មានមន្ទិលមកបបោសអង្អែលផែនថ្ពល់​ដ៏រលោងម៉ត់ខៃសឃើញ​សសៃ​របស់មាលតីរឿយៗ...
“ពេលនេះអ្វីៗបានឃ្លាតឆ្ងាយហើយ ឱ!ទូកត្នោតតូចៗដែលធ្លាប់ជិះទៅដកប្រលិត បេះផ្លែឈូកនៅបឹងឈូកជាមួយប្អូនៗក៏មិនបានឃើញទៀតដែរ, មីកន្រ្តាក និងអាទែក ពេលនេះខ្ញុំឃ្លាតឆ្ងាយហើយពុកម៉ែ ពេលនេះជីវិតរបស់កូនកំពុងតែលូនសន្សឹមៗសំដៅទីក្រុងដ៏ធំមួយហើយ! ព្រោះតែជីវភាពកូន​ត្រូវតែទៅរកការងារធ្វើដើម្បីចិញ្ចឹមជីវិត និងបន្តការសិក្សា កូនមិនធ្វើអោយអ្នកទាំងទ្វេរខកបំនងឡើយទោះបីពេល​នេះលោកមិនមានជីវជន្ម​នៅលើផែន​ដីនេះដ៏ដោយ!” រំដួលសាប់ទំនួញសារស័ព្ទសោកាតែម្នាក់ឯងជាប់បង្អួចរថយន្ត...
វិការភាពដួងចិត្ត និងសេចក្តីនឹករលឹករបស់នារីមួយរូបដែលមិនធ្លាប់ចេញចោលលំនៅនោះបានអូសបន្លាយយ៉ាងគ្មានកោះត្រើយ...មិនយូប៉ុន្មានរថតូចនេះដ៏រំកិលខ្លួនឆ្លងទន្លេមេគង្គ(អ្នកលឿង)។ ជលយានដ៏ធំនេះមានឈ្មោះថា “តាព្រហ្ម” វាជាសាឡាងដែលទទួលរថយន្តតូចធំ មនុស្សម្នា ឆ្លងទៅមកមិននឿយហត់។ នៅលើជលយានរំដួលចេញមកឈរក្បែរបង្កាន់ដៃរបាំង​យានមើលលំហាចទឹក​នាចប្រៀបបានអស្សុជល​របស់​នាងកំពុងប្រណាំងគ្នាហូរអញ្ចឹង... មាណវីរឹងរឹតតែគិតដល់ស្រុកកំណើតទ្វេរដង...រថចេះតែរំកិលបន្តិចម្តងៗតាមបណ្តាយផ្លូវជាតិលេខ១ ឆ្ពោះ​ទៅភ្នំពេញរាជធានី។ តាមទ្រូងថ្នល់ទិដ្ឋភាពលំនៅឋាន ចំការច្បារដំនាំរបស់អ្នកស្រុកនៃខេត្តកណ្តាលបានធ្វើឱ្យស្រីក្រមុំតូចគយគន់ភ្លេចភ្លឹករលឹកអ្វីៗ ស្រាប់តែរថទូរីស៍មកដល់ចំណតច្បារអំពៅ។
“ម៉ូតូ! ម៉ូតូ...! អញ្ជើោញទៅណាដែរប្អូនស្រី?” អ្នករត់ម៉ូតូឌុបម្នាក់ហៅរំដួលអោយជិះម៉ូតូគាត់ នាងមិនទាន់បានឆ្លើយផង អ្នករត់ម៉ូតូឌុបម្នាក់ទៀតមកទាញកាបូបនាងចេញទៅ៖
“ម៉ោ! ក្មួយស្រីទៅផ្ទះ, អ្ហេ! នេះជាក្មួយរបស់ខ្ញុំទើបមកពីស្រែទេតើ!” អ្នករត់ម៉ូតូដែលហៅរំដួលមុននោះឈរក្រវីលក្បាលដោយឃើញភាពអាណាធិបតេយ្យមិនគោរពសិទ្ធិគ្នាបែបនេះព្រមទាំងបន្លឺរអ៊ូៗ៖
“ហ្អើ! ជីវិតមនុស្សសព្វថ្ងៃដណ្តើមរបរ ជិះកគ្នារកស៊ីបែបនេះ គ្មានសីលធម៌, ហ្អឺ! ព្រោះតែសីលធម៌ និងការគោរពសិទ្ធិ កូនតូចៗរបស់ខ្ញុំប្រហែលជាគ្មានបាយចូលពោះទេ!” ពោលរួចក៏បញ្ឆេះម៉ូតូចេញទៅ។
“ពូជូនខ្ញុំទៅភូមិសំបុកចាប...!” រំដួលបញ្ជាអោយម៉ូតូឌុបជូនទៅលំនៅឋានដែលខ្លួនមិនធ្លាប់ ស្គាល់។
“សំបុកចាបសំណង់អាណាធិបតេយ្យ ដែលសាលាក្រុងបម្រុងនឹងរើសរុះមែនទេក្មួយ?” ពូម៉ូតូឌុបបញ្ជាក់ពីអាស័យដ្ឋាននោះម្តងទៀត៖
“ខ្ញុំក៏មិនដឹងដែរពូ...មិនធ្លាប់ចូលក្រុងផង” ស្រស់ស្រីក្រវីក្បាលតបនឹងសំនួរ។
“មិនអីទេចាំពូជួយរក! តោះឡើងម៉ូតូមក”

(អានបន្តវគ្គទី២ សប្តាហ៍ក្រោយ)

No comments: