គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
**********************************************
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
**********************************************
រឿងព្រាហ្មណ៍ចាស់ នឹងភរិយាក្រមុំ
ថ្ងៃសៅរ៍ ទី25.ឧសភា 2013.ម៉ោង 7:17
នាងភរិយានោះ វាសហាយនឹងព្រាហ្មណ៍មួយទើបវាប្រើព្រាហ្មណ៍ចាស់ជាស្វាមី អោយត្រាច់ដើរទៅសូមទានគេឯស្រុកក្រៅ ព្រាហ្មណ៍ ចាស់លុះអំណាចភរិយា ទើបស្ពាយបរិក្ខារចេញអំពីគ្រឹហា យាត្រាទៅស្វែងលាភតាមនិស្ស័យ ថ្ងៃមួយនោះ តាព្រាហ្មណ៍ដើរទៅដល់កណ្ដាលព្រៃ អស់កំលាំងណាស់ ទើបឈប់បរិភោគសតូវខៅតាក កាលព្រាហ្មណ៍លូកយកសតូវពីក្រសោប មិនបានរូតមាត់អោយជិតដូចដើមវិញ តាព្រាហ្មណ៍បរិភោគហើយ ក៏ចុះទៅផឹកទឹកឯត្រពាំងទឹក។ ក្រោយនោះមានពស់វែកមួយ ធំក្លិនសតូវនោះ វាក៏លូនចូលទៅក្នុងក្រសោបនោះ ឯង ឯព្រាហ្មណ៍ផឹកទឹកស្រេចហើយក៏ឡើងមក តាំងរូតមាត់ក្រសោបនោះខ្ចាប់ ហើយក៏ស្ពាយដើរទៅ។
គ្រានោះមានរុក្ខទេវតាមួយអង្គ យល់តាព្រាហ្មណ៍ស្ពាយក្រសោប ស្រោបអសិរពិសនៅក្នុងនោះ ក៏សែ្រកប្រាប់ជាពាក្យបញ្ហាថា ហៃ ព្រាហ្មណ៍ជរាអើយ នែបើថ្ងៃនេះព្រាហ្មណ៍ឯងទៅមិនដល់ផ្ទះទេ នោះព្រាហ្មណ៍ឯងនឹងស្លាប់កន្ដាលផ្លូវពុំខាន ថាបើថ្ងៃនេះព្រាហ្មណ៍ឯងដើរ ទៅដល់ផ្ទះ នោះប្រពន្ធព្រាហ្មណ៍ឯងនឹងស្លាប់ពុំខាន ឯតាព្រាហ្មណ៍កាលណាបានលឺពាក្យរុក្ខទេវតា និយាយប្រាប់ជាអាថិបញ្ហាដូច្នោះហើយ ទើបពិចារណាគិតមិនយល់ ក៏រឹងមានសេចក្ដីភិតភ័យទោមនស្សក្រៃលែងពេកណាល់ តាំងតែសោយសោកទៅតាមផ្លូវ ដើរទៅបានដល់ ក្រុងពារាណសី ចូលទៅកាន់សំណាក់បរមពោធិសត្វ ជាអ្នកប្រាជ្ញ ដែលជាប្រធានក្នុងព្រះនគរ។ ពោធិសត្វបានយល់ព្រាហ្មណ៍ចាស់ យំសោក ដើរចូលមកដូច្នោះក៏សួរថា ហៃព្រាហ្មណ៍អើយ! ហេតុអ្វីក៏បានជាកើតទុក្ខ មុខជោរជលដោយទឹកភ្នែកដូច្នោះ? តាព្រាហ្មណ៍ក៏ថ្លែងចែងសេច ក្ដីពីដើមដល់ចប់ ជំរាបប្រាប់ពោធិសត្វសព្វប្រការ ពោធិសត្វលឺដូច្នោះ ពិចារណាតាមពាក្យទេវតា ដែលថាបើថ្ងៃនេះព្រាហ្មណ៍ទៅមិនដល់ផ្ទះ ព្រាហ្មណ៍ឯងនឹងស្លាប់កណ្ដាលផ្លូវ បើទៅដល់ផ្ទះនោះ ថាប្រពន្ធនឹងស្លាប់វិញហេតុស្លាប់នេះយល់ជាមានអាសិរពិសពស់វាចូលនៅក្នុងក្រ សោបនេះ គឺថាបើព្រាហ្មណ៍ទៅមិនដល់ផ្ទះគង់ព្រាហ្មណ៍ឃ្លានបាយហើយនឹងឈប់ស្រាយមាត់ក្រសោបយកសតូវ និមិត្ដតែព្រាហ្មណ៍លូក ដៃទៅ ពស់នោះនឹងចឹកដៃព្រាហ្មណ៍ៗ ក៏នឹងស្លាប់ប្រាកដ ប្រសិនបើព្រាហ្មណ៍ទៅដល់ផ្ទះវិញនោះព្រាហ្មណ៍គង់នឹងប្រគល់ក្រសោបនោះ អោយទៅភរិយា នាងភរិយានឹងស្រាយមាត់ក្រសោប នឹងយករបស់ទ្រព្យ លុះតែនាងភរិយាលូកដៃចូលទៅក្នុងក្រសោបកាលណា ពស់ នោះនឹងចឹកដៃនាងភរិយាដល់នូវមរណកាលមិនខាន។
ពោធិសត្វពិចារណាត្រិះរិះអាការៈពាក្យទេវតា យល់ហេតុមានមិនសង្ស័យ ទើបប្រើអោយអ្នកបំរើយកក្រសោបព្រាហ្មណ៍នោះ ទៅស្រាយមាត់នាទីវាល ឯពស់វែកនោះ និមិត្ដតែមាត់ក្រសោបនោះរសាយហើយ ទើបវារលូនចេញមកមួយរំពេច បណ្ដាមហាជន និងព្រាហ្មណ៍ចាស់នោះ បានឃើញពស់វែកចេញចាកក្រសោប ដូច្នោះហើយនាំគ្នាអោយសព្វសាធុការសរសើរប្រាជ្ញាបារមីនៃពោធិសត្វ ជាអនេកបរិយាយផ្សេងៗ។ ពោធិសត្វក៏អោយអ្នកបំរើចាប់ពស់នោះយកទៅលែងឯព្រៃ ហើយប្រាប់ព្រាហ្មណ៍ថា តាឯងចូរមើលសេចក្ដីអន្ដរាយជីវិតតាឯងដោយពស់វែកនេះចុះ។ ព្រាហ្មណ៍ចាស់សំពះពោធិសត្វសរសើរថាខ្ញុំបាទបានរួចជីវិតក្នុងគ្រានេះ ក៏ព្រោះមកបានជួបនឹងលោកជាអ្នកប្រាជ្ញ អាចរកសេចក្ដីសុខបាន ខ្ញុំបាទពុំមានវត្ថុអ្វី ជាឧត្ដមសមគួរ នឹងបូជាតបគុណឡើយ មានតែម្រាមដៃទាំង១០ ខ្ញុំវន្ទាតបគុណលោកក្នុងគ្រានេះ។ ពោធិសត្វសួរថា ព្រាហ្មណ៍ឯងចាស់ជរាហើយនរណាប្រើតាឯងអោយសូមទានគេដូច្នោះ។ ព្រាហ្មណ៍ជំរាបថា ប្រពន្ធខ្ញុំបាទប្រើមក។ នាងប្រពន្ធតាឯងនោះ តើជាស្រីចាស់ ឬជាក្រមុំ? សូមទាននៅក្រមុំក្មេង។ ពោធិសត្វពិចារណាអាការនោះទៀតក៏យល់ថា នាងនោះមានសហាយប្រាកដ ទើបថា អើព្រាហ្មណ៍នាងប្រពន្ធតាឯងនោះមិនសុចរិតនឹងតាឯងទេ បើតាឯងទៅដល់ផ្ទះ ហើយចូលទៅក្នុងវេលារាត្រីស្ងាត់ របស់ទ្រព្យដែលតាឯងបាននេះចូរតាកុំយកទៅអោយឃើញទាំងអស់ គួរលាក់ទុកខ្លះ ពោធិសត្វប្រដៅព្រាហ្មណ៍នោះស្រេចហើយ ក៏អោយព្រាហ្មណ៍នោះធ្វើដំណើរទៅកាន់ស្រុក។ តាព្រាហ្មណ៍ក៏លាពោធិសត្វដើរទៅកាន់ផ្ទះអាត្មា ដល់ទៅក៏ជនវេលារាត្រីស្ងាត់។
ឯមេព្រាហ្មណីជាប្រពន្ធនោះ តាំងតែពីប្ដីចេញទៅស្វែងរកលាភបាត់ វាក៏នាំចៅព្រាហ្មណ៍កំលោះសហាយនោះមកដេកជាប្រក្រតី។ តាព្រាហ្មណ៍ទៅដល់ផ្ទះ ក៏យកប្រាក់ទៅកប់លាក់នៅខាងជើងសសរផ្ទះ ហើយទើបហៅប្រពន្ធអោយបើកទ្វារផ្ទះទទួលខ្លួន។ ឯមេនោះលឺសូរប្ដីមកដល់ក៏ភិតភ័យ ទើបបណ្ដោះសហាយអោយចុះទៅតាមបង្អួច ហើយវាធ្វើជាមាយាបើកទ្វារម្នីម្នាទទួលព្រាហ្មណ៍អោយឡើងទៅ តាព្រាហ្មណ៍ឡើងដល់ផ្ទះហើយ ក៏និយាយចរចាប្រស្រ័យសួរសុខទុក្ខតាមធម្មតា។ នាងភរិយាក៏សំនេះសំនាលសួរអំពីលាភដែលទៅស្វែងនោះរឿយៗ។ ព្រាហ្មណ៍លុះអំណាចភរិយាក្រមុំ ក៏ពុំអាចបិទបាំងប្រាក់ដែលខ្លួនកប់ទុកនោះឡើយ ឆ្លើយប្រាប់ថា ខ្លួនបានប្រាក់មកកប់លាក់នៅជើងសសរផ្ទះ។ ឯសហាយ កាលវាចុះពីផ្ទះទៅនោះវាពុំរត់ទៅឯណាឡើយ វាលបនៅក្រោមផ្ទះចាំស្ដាប់ព្រាហ្មណ៍ប្ដីប្រពន្ធនិងនិយាយអ្វីៗ លុះវាលឺ ថាប្រាក់ ១០០កហាបណៈ ព្រាហ្មណ៍កប់លាក់នៅខាងជើងសសរផ្ទះដូច្នោះ វាក៏ទៅកកាយយកបាន វាក៏លួចយកទៅផ្ទះវាហោង។
ព្រាហ្មណ៍ចាស់និងភរិយា ក៏ដេកនៅតាមបវេណី លុះព្រឹកឡើងព្រាហ្មណ៍ភ្ញាក់ចាកដំណេក ដើរទៅមើលប្រាក់ដែលខ្លួនកប់លាក់នោះក៏ពុំឃើញប្រាក់នោះ ព្រាហ្មណ៍កើតទុក្ខមហិមា គិតថា សេចក្ដីអន្ដរាយអញដល់ទៀតហើយ បើដូច្នេះមានតែ ទៅរកលោកអ្នកប្រាជ្ញនោះ អោយលោកជួយរកប្រាក់ដែលអានោះលួចយកទៅនោះទើបបាន គិតហើយតាព្រាហ្មណ៍ក៏រៀបអាត្មា ដើរទៅកាន់សំណាក់បរមពោធិសត្វឯក្រុង ពារាណសី ដល់ហើយក៏ជំរាបសេចក្ដីតាំងពីដើមដល់ចប់សព្វប្រការ។
ឯពោធិសត្វ បានស្ដាប់ព្រាហ្មណ៍ថ្លែងសេចក្ដីដូច្នោះហើយ ទើបរិះគិតអាការៈចោរលួចប្រាក់នោះ ក៏យល់ដោយប្រាជ្ញាមួយរំពេច ទើបប្រាប់ព្រាហ្មណ៍ថា តាឯងវិលទៅផ្ទះវិញប្រាប់ប្រពន្ធតាឯថា ខ្លួនតាឯងបានបន់ទេវតាថា បើខ្លួនបានមកដល់ស្រុកសុខសប្បាយកាលណា នឹងធ្វើបុណ្យគឺនិមន្ដព្រាហ្មណ៍ប្រាំមួយនាក់មកឆាន់ ចំណែកខាងតាឯង ៣នាក់ ចំណែកខាងប្រពន្ធ៣នាក់ ឆាន់៣ថ្ងៃ តែអោយផ្លាស់រូបព្រាហ្មណ៍ដែលឆាន់នោះ កុំអោយយកដដែលក្នុងថ្ងៃដើម៦រូប ថ្ងៃទី២ អោយផ្លាស់ និមន្ដព្រាហ្មណ៍ ៦រូបទៀតមកឆាន់ថ្ងៃទី៣ អោយផ្លាស់និមន្ដព្រាហ្មណ៍ឯទៀត ៦រូបទៀតមកឆាន់ហើយតាឯងចាំមើលព្រាហ្មណ៍ខាងប្រពន្ធនោះ ជាវាផ្លាស់រូបទាំង៣ ឬៗយ៉ាងណានោះ បើព្រាហ្មណ៍ណាជាសង្សារវាៗ នឹងនិមន្ដមកឆាន់ដដែលមិនផ្លាស់ទេ បើរូបណានៅឆាន់ទាំង៣ថ្ងៃ រូបនោះហើយជាសហាយរបស់វា ចូរតាឯងកំណត់ទុកក្នុងចិត្ដ ហើយមកប្រាប់យើងជាឆាប់ យើងនឹងទៅចាប់តួអាចោរលួចប្រាក់នោះឯង។ ពោធិសត្វប្រាប់អុបាយសព្វគ្រប់ហើយ ក៏អោយព្រាហ្មណ៍ចាស់នោះវិលទៅទីលំនៅវិញ។ ព្រាហ្មណ៍ក៏លាពោធិសត្វទៅផ្ទះវិញ ដល់ហើយក៏ថ្លែងសេចក្ដីនោះប្រាប់នាងភរិយា តាមពាក្យនៃពោធិសត្វសព្វប្រការ។
ឯនាងភរិយាក៏ធ្វើតាម គឺចាត់ចែងភោជនាហារស្រេចហើយ ក៏និមន្ដព្រាហ្មណ៍កំលោះសហាយនោះមកឆាន់ទាំង៣ថ្ងៃ តែរូបព្រាហ្មណ៍ឯទៀតៗនោះផ្លាស់តាមបង្គប់ព្រាហ្មណ៍នោះឯង។ ឯព្រាហ្មណ៍ចាស់ កាលណាបើឃើញព្រាហ្មណ៍កំលោះខាងប្រពន្ធមកឆាន់ទាំង៣ថ្ងៃដូច្នោះ ក៏កំណត់កត់ចាំរូប ចាំឈ្មោះហើយយកសេចក្ដីនោះទៅជំរាបដល់បរមពោធិសត្វៗ ក៏ប្រើអោយអ្នកបំរើ ទៅចាប់យកព្រាហ្មណ៍កំលោះ មកគំរាមសួរតាមហេតុពិរុទ្ធ ព្រាហ្មណ៍កំលោះពុំអាចប្រកែកគេចបាន ក៏ទទួលសារភាព ថាជាចោរមែន ទើបទៅយកប្រាក់ដែលខ្លួនលួចនោះ មកប្រគល់អោយព្រាហ្មណ៍ចាស់វិញ សូមទោសនឹងបរមពោធិសត្វ បរមពោធិសត្វក៏តិះដៀលជាអនេកបរិយាយ ហើយទូន្មានអោយលះបង់ចោលនូវអំពើពុតពាល ហើយលែងអោយវិលទៅស្រុកវិញ។ ព្រាហ្មណ៍បានប្រាក់វិញក៏សរសើរប្រាជ្ញានៃពោធិសត្វ ហើយតម្កល់នូវ បរមពោធិសត្វជាគ្រូអាចារ្យចាប់ដើមពីថ្ងៃនោះមក។
រឿងរ៉ាវនេះមានសេចក្ដីពិស្ដារក្នុងព្រះគម្ពីរ យើងទាញយកមកសំដែងនេះ តែជាន័យសង្ខេបជាបែបអោយឃើញថា លោកអ្នកមានប្រាជ្ញាពិចារណាតាមអាការៈដែលចេញមកនោះ ពិចារណាដេញរកហេតុរកបច្ច័យទាល់តែការនោះច្បាស់ឡើងប្រាកដដូចសំដែងមកនោះ។
មួយទៀត រឿងអ្នកប្រាជ្ញពីបុរាណ ដែលមានមកក្នុងគម្ពីរបាលីដោយពិតនោះ យ៉ាងដូចអង្គព្រះមហោសថបរមពោធិសត្វក្ដី ឯងគប្បីដឹងថា ជាអ្នកប្រាជ្ញប្រសើរវិសេសចុះ។ មែនពិត ឯអ្នកមានប្រាជ្ញាឆ្លាសវាងវៃនោះមិនភ្លើភាន់សតិទៅផ្ដាស អាចគេចកែខ្លួនបានក្នុងប្រជុំជន ឬការដែលមានដល់មកមួយរំពេច ដូចនិទានមាន់ចែកែខ្លួនផុត អំពីសត្វសំពោចបាន...។
ចម្លងការផ្សាយពី៖ http://www.khmer-kulturzentrum.ch/Kultur/Gatilok/Gatilok02/Gati0205.html
ចម្លងការផ្សាយពី៖ http://www.khmer-kulturzentrum.ch/Kultur/Gatilok/Gatilok02/Gati0205.html
No comments:
Post a Comment